បើកពិព័រណ៍ឧស្សាហកម្មផលិតបន្ទះឈីបវៀតណាមឆ្នាំ២០២៤
កប.អនឡាញ - នាថ្ងៃទី ៧ ខែវិច្ឆិកា ពិព័រណ៍ឧស្សាហកម្មផលិតបន្ទះឈីប (Semiconductor) វៀតណាមឆ្នាំ២០២៤ ក្រោមប្រធានបទ "លើកកំពស់តួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល" បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) នៅផ្លូវ Hoa Lac។
ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា) SEMIExpo Vietnam 2024 គឺជាពិព័រណ៍បន្ទះឈីបថ្នាក់អន្តរជាតិដំបូង និងធំជាងគេដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម។ ពិព័រណ៍ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និងសមាគមឧស្សាហកម្មបន្ទះឈីបសកល (SEMI) ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងវិនិយោគ។
|
|
ប្រតិភូធ្វើពិធីបើកពិព័រណ៌ |
ថ្លែងមតិក្នុងពិធីបើក SEMIExpo Vietnam 2024 លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានអះអាងថា វៀតណាមកំពុងមានឱកាសចូលរួមយ៉ាងស៊ីជម្រៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយបានបង្ហាញយ៉ាងច្បាស់នូវបំណងចង់ក្លាយជាតំណភ្ជាប់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។ SEMI ព្យាករណ៍ថា ទីផ្សារបន្ទះឈីបរបស់វៀតណាមនឹងសម្រេចបាន ៧.០១ ពាន់លានដុល្លារនៅឆ្នាំ២០២៨ ជាមួយនឹងអត្រាកំណើនឧស្សាហកម្មប្រចាំឆ្នាំជាមធ្យមប្រហែល ៦.៦៩% ក្នុងតំណាក់កាល ២០២៣-២០២៨។
SEMIExpo Vietnam 2024 បានទាក់ទាញការចូលរួមរបស់ប្រតិភូជាង ៥,០០០ នាក់ និងស្តង់ចំនួន ១០០ ពីដៃគូបច្ចេកវិទ្យាសំខាន់ៗក្នុងវិស័យបន្ទះឈីប ដូចជា Cadence, Qualcomm, Intel, Qorvo, Dassault Systemes, Siemens, Tektronix, FPT, Viettel... មូលនិធិវិនិយោគ ធុរកិច្ច អង្គការ សមាគម អ្នកជំនាញក្នុង និងក្រៅប្រទេសក្នុងវិស័យបន្ទះឈីប...
SEMIExpo Vietnam 2024 ក៏មានសិក្ខាសាលា និងសកម្មភាពខាងក្រៅជាច្រើនក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍ដើម្បីផ្សារភ្ជាប់វៀតណាមជាមួយពិភពលោកក្នុងវិស័យបន្ទះឈីប៕
បកប្រែដោយ Thuy Anh