Cau Ngang ជាស្រុកមួយដែលមានប្រជាជនខ្មែររស់នៅច្រើន (ស្មើនឹង ៣៦.៧%)។ បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីលេខ១៧១៩ មកទល់បច្ចុប្បន្ននេះ ផ្លូវគមនាគមន៍ចំនួន ១០០% នៅក្នុងភូមិត្រូវបានចាក់បេតុង; សាលារៀន ថ្នាក់រៀន និងមណ្ឌលសុខាភិបាលចំនួន ១០០% ត្រូវបានសាងសង់យ៉ាងរឹងមាំ; គ្រួសារចំនួន ៩៩.៥% បានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ។ល។

ក្នុងរយៈពេល ៣ ខែកន្លងមក គ្រួសារលោក Thach Phol នៅភូមិ Soc Xoai ឃុំ Hiep Hoa បានរស់នៅក្នុងផ្ទះថ្មីដែលត្រូវបានសាងសង់ដោយប្រភពទុនរបស់កម្មវិធីលេខ១៧១៩។ ការជួយឧបត្ថម្ភនេះមិនត្រឹមតែជួយរក្សាលំនឹងជីវភាពរស់នៅរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់គាត់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ លោក Thach Phol បានឲ្យដឹងថា៖ «ផ្ទះគ្រួសារខ្ញុំរងការខូចខាតអស់ជាយូរមកហើយ ប៉ុន្តែមិនមានលក្ខខណ្ឌជួសជុលទេ។ អាស្រ័យដោយជំនួយរបស់អាជ្ញាធរចំនួន ៥០ លានដុង ទើបខ្ញុំអាចសង់ផ្ទះរឹងមាំបាន។ អាជ្ញាធរមូលដ្ឋានមិនត្រឹមតែជួយខ្ញុំសាងសង់ផ្ទះប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភទុនសាងសង់ជង្រុក និងទិញគោពូជចំនួន ២ ក្បាលសម្រាប់ខ្ញុំ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ នេះជាការជួយឧបត្ថម្ភទាន់ពេលវេលា និងជាការលើកទឹកចិត្តសម្រាប់គ្រួសារខ្ញុំបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច និងមានជីវភាពកាន់តែប្រសើរឡើង”។

leftcenterrightdel
តំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាជន មកចូលរួមអបអរសាទរជាមួយលោក Thach Phol (អង្គុយកណ្តាល) នៅផ្ទះថ្មីរបស់គ្រួសារ

ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ដើម្បីអនុវត្តគម្រោងកម្មវិធីលេខ១៧១៩ ស្រុក Cau Ngang ត្រូវបានជួយឧបត្ថម្ភថវិកាសរុបជិត ១៧៤ ពាន់លានដុង។ ស្រុកបានបញ្ចេញដើមទុនទៅលើការឧបត្ថម្ភដីលំនៅឋានសម្រាប់គ្រួសារចំនួន ២១ ជំនួយផ្ទះសម្រាប់គ្រួសារចំនួន ៤២៩ ជំនួយផ្លាស់ប្តូរមុខរបរសម្រាប់គ្រួសារចំនួន ២០១ និងជំនួយទឹកអនាម័យសម្រាប់គ្រួសារចំនួន ២២៥ គិតជាថវិកាសរុបជាង ៣៩.៦ ពាន់លានដុង; ស្រុកវិនិយោគលើការសាងសង់ស្ពាន និងផ្លូវគមនាគមន៍ថ្មីចំនួន ៨៩ ក្នុងថវិកាសរុបជាង ៨៤.១ ពាន់លានដុង។ល។ ក្រៅពីនោះ ស្រុកក៏បានវិនិយោគទៅលើការជួសជុលផ្សារចំនួន ៥ នៅតំបន់ជនជាតិភាគតិច ដោយចំណាយថវិកាសរុបចំនួន ៤ ពាន់លានដុង; វិនិយោគលើការសាងសង់គម្រោងអភិវឌ្ឍន៍ផលិតកម្មចំនួន ៣២ ការធ្វើពិពិធកម្មទម្រង់កាត់បន្ថយភាពក្រីក្រ ដោយចំណាយថវិកាសរុបជាង ១១.៤ ពាន់លានដុង; ការវិនិយោគលើទម្រង់ចញ្ចឹមគោមេចំនួន ៨ ក្រោមគម្រោងចម្លងទម្រង់កាត់បន្ថយភាពក្រីក្រសម្រាប់គ្រួសារចំនួន ១៣៤ ដែលមានតម្លៃសរុបជាង ២.៤ ពាន់លានដុង។ល។

លោក Nguyen Van Nga ប្រធានគណៈកម្មាធិការប្រជាជនស្រុក Cau Ngang បានឲ្យដឹងថា៖ “អាស្រ័យដោយអនុវត្តកម្មវិធីលេខ ១៧១៩ មកទល់បច្ចុប្បន្ននេះ មុខមាត់របស់តំបន់ជនជាតិខ្មែរបានផ្លាស់ប្តូរយ៉ាងច្បាស់ សេដ្ឋកិច្ចបានប្រសើរឡើងជាលំដាប់។ បច្ចុប្បន្ននេះ ប្រាក់ចំណូលរបស់ប្រជាជនកើនដល់ជិត ៦០ លានដុង/ម្នាក់/ឆ្នាំ។ ស្រុកមានគ្រួសារក្រីក្រត្រឹមតែចំនួន ៨១២ គ្រួសារ (ស្មើនឹង ២.១%) និងគ្រួសារប្រកៀកបន្ទាត់ក្រីក្រចំនួន ៩០៥ គ្រួសារ (ស្មើនឹង ២.៤%)។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តបញ្ចូលប្រភពទុនជួយដោះស្រាយបញ្ហាទឹកស្អាតសម្រាប់គ្រួសារដែលរស់នៅរាយប៉ាយ  ជួយជនជាតិខ្មែរនៅស្រុក Cau Ngang មានលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកអភិវឌ្ឍស្រុក Cau Ngang ពីមួយថ្ងៃទៅមួយថ្ងៃ"៕

បកប្រែដោយ Huyen Trang