អង្គភាពអាជីវកម្មបារាំងស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) ដឹកនាំដោយលោក Francois Corbin តំណាងពិសេសនៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង និងជាអនុប្រធាន MEDEF ដែលកំពុងបំពេញទស្សនកិច្ចស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូ MEDEF ព្រមទាំងសង្ឃឹមថាបន្ទាប់ពីដំណើរទស្សនកិច្ចនេះ អង្គភាពអាជីវកម្មបារាំងនឹងកំណត់វិស័យ គម្រោងសហប្រតិបត្តិការនិងវិនិយោគសំខាន់ៗ សមស្របនឹងតម្រូវការ និងប្រៀបខ្លាំងរបស់វៀតណាម។
|
|
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងគណៈប្រតិភូសហព័ន្ធនិយោជកបារាំងអន្តរជាតិ (រូបថត៖ baochinhphu.vn) |
លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម និងលោក Francois Corbin បានឲ្យដឹងថា អង្គភាពអាជីវកម្មបារាំងកំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាមលើវិស័យថាមពលកកើតឡើងវិញ ថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងក្នុងទីក្រុង ការជីកយករ៉ែ និងការប្រព្រិត្តិកម្មរ៉ែជាយុទ្ធសាស្ត្រ ការអប់រំ សុខាភិបាល ស្បៀងអាហារ។ល។ អង្គភាពអាជីវកម្មបារាំងជាច្រើនយកចិត្តទុកដាក់ដល់គម្រោងផលិតកម្ម និងអាជីវកម្ម សន្យាសហការជាមួយវៀតណាមក្នុងការកសាង បំពេញគោលនយោបាយ ការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។
នៅក្នុងជំនួបការងារ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានពិភាក្សាលើអនុសាសន៍ជាក់លាក់មួយចំនួនពីអង្គភាពអាជីវកម្មទាក់ទងនឹងការជ្រើសរើសវិនិយោគិនក្នុងវិស័យរុករក ប្រេង និងឧស្ម័ន; កៀរគរហិរញ្ញវត្ថុបៃតង ផ្ទេរបច្ចេកវិទ្យា អនុវត្តគម្រោងបំប្លែងថាមពល; សហប្រតិបត្តិការលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនិងបន្សាបកាបូននៅរោងចក្រថាមពលកំដៅ និងផ្នែកសេដ្ឋកិច្ចដែលបញ្ចេញឧស្ម័នធំ៕
បកប្រែដោយ Huyen Trang