ការធ្វើបរិវត្តកម្មបៃតងក្នុងផលិតកម្មកសិកម្ម និងអាហារ
កប.អនឡាញ - នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានសហការជាមួយគណៈកម្មាធិការអឺរ៉ុបរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការធ្វើបរិវត្តន៍កម្មបៃតងក្នុងផលិតកម្មកសិកម្ម និងស្បៀងអាហារ ជំរុញការនាំចេញទៅកាន់សហភាពអឺរ៉ុប (EU)”។
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញបានចែករំលែកយថាទស្សន៍នៃទីផ្សារ និងសមត្ថភាពចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយដៃគូ EU របស់វៀតណាម។ ទន្ទឹមនឹងនោះ លើកឡើងដំណោះស្រាយជាច្រើន ដើម្បីគាំទ្រធុរកិច្ចក្នុងការសម្របខ្លួនទៅនឹងបទប្បញ្ញត្តិ គោលនយោបាយថ្មី និងលើកឡើងយុទ្ធសាស្ត្រជំរុញការធ្វើបរិវត្តកម្មបៃតងស្របតាមនិន្នាការសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរាងជារង្វង់។
យោងតាមលោក Le Hoang Tai អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម EU គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគឈានមុខគេមួយរបស់វៀតណាម។ ជាពិសេស តួនាទីរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA) ជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងផ្ទេរបច្ចេកវិទ្យាពី EU។
វៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្តនៅក្នុងសន្និសីទលើកទី២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ឆ្ពោះទៅរកសូន្យសុទ្ធត្រឹមឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង។ ក្នុងបរិបទនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងបន្តជួយឧបត្ថម្ភធុរកិច្ចវៀតណាមក្នុងការអនុវត្តស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ចសាជីវកម្ម) ជំរុញពាណិជ្ជកម្ម វិនិយោគលើបច្ចេកវិទ្យាបៃតង និងជម្រុញគំរូផលិតកម្មប្រកបដោយនិរន្តរភាព តាមរយៈនោះ លើកកម្ពស់សកម្មភាពប្រកួតប្រជែង និងចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ មជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថលក្នុងការជំរុញពាណិជ្ជកម្ម (INTEC) នៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រុមហ៊ុន Tridge (កូរ៉េខាងត្បូង) ក្រុមហ៊ុន TOPVN ក៏ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ (MOU) ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារវៀតណាម តាមរយៈបណ្ដញឌីជីថលទំនើប...៕
បកប្រែដោយ Thuy Anh