យោងតាមស្ថិតិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល មាននិស្សិតអន្តរជាតិប្រមាណ ៤៥០០០ នាក់ មកពីជាង ១០០ ប្រទេស និងតំបន់ដែនដី ដែលកំពុងសិក្សានៅប្រទេសវៀតណាម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤ សាកលវិទ្យាល័យនានាបានរៀបចំសកម្មភាពជាច្រើន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតអន្តរជាតិស្វែងយល់វប្បធម៌ពិសេសរបស់ជនជាតិវៀតណាម។ ក្នុងអំឡុងពេលនេះ ពួកគាត់ចូលរួមសកម្មភាពដូចជា វេចនំអន្សម រៀបចំអាសនៈដូនតា និងចូលរួមលេងល្បែងប្រជាប្រិយជាមួយមិត្តភក្តិក្នុងតំបន់។

និស្សិត Chor Seiha និស្សិតអន្តរជាតិកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានកសិកម្មវៀតណាមបានឲ្យដឹងថា៖ “ខ្ញុំត្រូវបានមិត្តភក្តិវៀតណាមអញ្ជើញមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំបានស្វែងយល់លក្ខណៈវប្បធ៌មថ្មីៗជាច្រើនអំពីប្រពៃណីរបស់វៀតណាមតាមរយៈការចូលរួមក្នុងសកម្មភាពប្រពៃណីដូចជាវេចនំអន្សម។ នេះជាសកម្មភាពមួយដែលខ្ញុំមិនអាចបំភ្លេចបាន និងជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌នៃប្រទេសដែលខ្ញុំកំពុងសិក្សា និងរស់នៅ»។

ឆ្នាំនេះ មហាវិទ្យាល័យគរុកោសល្យ-សាកលវិទ្យាល័យ Da Nang មាននិស្សិតអន្តរជាតិចំនួន ៤២ នាក់បានស្នាក់នៅអន្តេវាសិកដ្ឋានដើម្បីទទួលឆ្នាំថ្មី ដែលក្នុងនោះមាននិស្សិតនីហ្សេរីយ៉ា ៨ នាក់ និស្សិតឡាវ ៣ នាក់ និងនិស្សិតចិនចំនួន ៣១ នាក់។ នេះជាលើកទីមួយដែលទទួលឆ្នាំថ្មីនៅឆ្ងាយពីផ្ទះ ប៉ុន្តែ Thach Khanh Ky ជានិស្សិតចិននៃមហាវិទ្យាល័យគរុកោសល្យ-សាកលវិទ្យាល័យ Da Nang មិនមានអារម្មណ៍ឯកាឡើយ។ ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីសាលា លោកគ្រូ អ្នកគ្រូ និងនិស្សិតវៀតណាមបានធ្វើឱ្យនិស្សិតស្រីជនជាតិចិនរូបនេះមានអារម្មណ៍កក់ក្តៅ។ “ខ្ញុំបានស្វែងយល់អំពីវប្បធម៌បុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ ដូច្នេះហើយ ខ្ញុំពិតជារំភើប និងចង់បានស្វែងយល់អំពីប្រពៃណីរបស់វៀតណាមក្នុងឱកាសនេះ”។

leftcenterrightdel
និស្សិតអន្តរជាតិនៃសាកលវិទ្យាល័យហាណូយវេចនំអន្សម

បន្ទាប់ពីរយៈពេល ១០ ឆ្នាំ រស់នៅ និងធ្វើការនៅប្រទេសវៀតណាម លោក David Holloway គ្រូបង្រៀននៅ British University Vietnam បាននិយាយថា ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមគឺជាពិធីបុណ្យពិសេសមួយដែលមានប្រណៃណីវប្បធម៌ពិសេស។ ដោយចាប់អារម្មណ៍យ៉ាងខ្លាងចំពោះប្រពៃណី “ថ្ងៃទីបីនៃបុណ្យចូលឆ្នាំថ្មីគឺសម្រាប់​ជូនពរគ្រូបង្រៀននោះ” គ្រូ David Holloway បានចែករំលែកថា៖ “នៅក្នុងប្រទេសរបស់ខ្ញុំ គ្រូបង្រៀនពិតជាមិនត្រូវបានគេវាយតំលៃខ្ពស់ដូចនៅវៀតណាមទេ នេះជាការបង្ហាញពីការគោរពចំពោះគ្រូបង្រៀនដែលជាអ្នកមានឥទិ្ធពលខ្លាំងនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ»។

ក្រៅពីចូលរួមក្នុងសកម្មភាពប្រពៃណី ពិធីបុណ្យចូលឆ្នាំថ្មីក៏នាំមកនូវឱកាសសម្រាប់និស្សិតអន្តរជាតិដើម្បីស្វែងយល់អំពីមុខម្ហូបពិសេសរបស់វៀតណាម ទាំងនំអន្សម ទាំងគ្រឿងដង្វាយដ៏សម្បូរបែប និស្សិតអន្តរជាតិបានសាករសជាតិពិសេសនៃម្ហូបវៀតណាម។

បុណ្យចូលឆ្នាំថ្មី មិនត្រឹមតែជាពិធីបុណ្យដ៏សំខាន់សម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់និស្សិតអន្តរជាតិបានចូលរួមសកម្មភាពវប្បធម៌ក្នុងស្រុក បង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងពេលរស់នៅ និងសិក្សានៅប្រទេសវៀតណាម។ ប្រការនេះក៏រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងការគោរពរវាងវប្បធម៌ផ្សេងៗគ្នា កសាងសហគមន៍និស្សិតអន្តរជាតិចម្រុះ និងធ្វើសមាហរណកម្មនៅវៀតណាម៕

បកប្រែដោយ Duy Hoan