ក្រសួងសុខាភិបាលវៀតណាម និងអង្គការសុខភាពពិភពលោក សហការលើការប្រែប្រួលអាកាសធាតុ និងសុខភាព
កប.អនឡាញ - នាថ្ងៃទី ១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាលវៀតណាម និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានប្រកាសថា វៀតណាមបានចូលរួមជាមួយសម្ព័ន្ធធ្វើសកម្មភាពផ្លាស់ប្តូរលើការប្រែប្រួលអាកាសធាតុ និងសុខភាព (ATACH) ដើម្បីឲ្យប្រព័ន្ធសុខាភិបាលវៀតណាមចូលរួមចំណែកក្នុងការសម្រេចឲ្យបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមដៃគូសុខាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ និងសុខភាព ហើយមុនសន្និសីទ COP28 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១២ ខែធ្នូ។
លោកស្រី Nguyen Thi Lien Huong អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ដោយមានទីតាំងភូមិសាស្ត្រ និងលក្ខខណ្ឌធម្មជាតិពិសេស វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ទិន្នន័យរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមបង្ហាញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតអាកាសធាតុពិបាកព្យាករណ៍បានកើតឡើងកាន់តែជាច្រើន។
    |
 |
កិច្ចប្រជុំក្រុមដៃគូសុខាភិបាលប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែវិច្ឆិកា |
ប្រព័ន្ធសុខាភិបាលទាំងអស់នៅទូទាំងពិភពលោក កំពុង ឬនឹងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ បាតុភូតអាកាសធាតុពិបាកព្យាករណ៍បណ្តាលឲ្យខូចខាតដល់មូលដ្ឋានសុខាភិបាល ហើយអ្នកជំងឺនឹងកើនឡើងដោយសារឥទ្ធិពលនៃអាកាសធាតុ ដូចជាជំងឺគ្រុនឈាម និងជំងឺផ្លូវដង្ហើម។
លោកស្រីវេជ្ជបណ្ឌិត Angela Pratt ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម បានអបអរសាទរចំពោះវៀតណាមដែលចូលរួមសម្ព័ន្ធ ATACH ដោយសង្កត់ធ្ងន់ថា វៀតណាមសមនឹងទទួលបានការសរសើរចំពោះការធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងសុខភាព។ ដោយមានការគាំទ្រពី WHO ក្រសួងសុខាភិបាលវៀតណាមបានអនុវត្តសាកល្បងគំរូមូលដ្ឋានសុខាភិបាលដែលអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថានប្រកបដោយនិរន្តរភាព។ ប្រការនេះបង្ហាញថាមូលដ្ឋានសុខាភាពនឹងដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យ៕
បកប្រែដោយ Thanh Cong