ទំនិញវៀតណាមមានជិត ២% នៃចំណែកទីផ្សារសហភាពអឺរ៉ុប

EVFTA បានក្លាយជាជំនួយដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ក៏ដោយ។ ទំហំនៃការនាំចេញសរុបពីវៀតណាមទៅកាន់ EU ចាប់ពីខែសីហា ឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ ២០២២ សម្រេចបាន ៨៣,៤ ពាន់លានល្លារអាមេរិក (ជាមធ្យម ៤១,៧ ពាន់លានដុល្លារ/ឆ្នាំ) ខ្ពស់ជាងការនាំចេញជាមធ្យម ២៤% ក្នុងដំណាក់កាល ២០១៦-២០១៩។ សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេ ហើយក៏ជាទីផ្សារនាំចេញធំទីបីរបស់វៀតណាមផងដែរ។

អំពីសក្តានុពលនៃទីផ្សារ EU លោក Ngo Chung Khanh អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា សហភាពអឺរ៉ុបគឺជាទីផ្សារមួយដែលមានសក្តានុពលជាច្រើន។  ប៉ុន្ដែចំនួនសហគ្រាសវៀតណាមដែលបាននាំចេញទៅកាន់ទីផ្សារនេះមិនសមស្របនឹងសក្ដានុពលនោះទេ...។ លោក Ngo Chung Khanh មានប្រសាសន៍ថា ដោយសារផ្នត់គំនិតរបស់ប្រជាជនអឺរ៉ុប សូម្បីតែក្នុងដំណើរការចរចា ឬ ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលពួកគេមិនគ្រាន់តែចាប់អារម្មណ៍លើតម្លៃ និងគុណភាពប៉ុណ្ណោះទេ ថែមទាំងយកចិត្ដទុកដាក់ដល់ការផលិតកម្មទៀតផង។

leftcenterrightdel
ដំណើរការពិនិត្យកសិផលនាំចេញនៅក្រុមហ៊ុនភាគហ៊ុននាំចេញផ្លែឈើ Chanh Thu ខេត្ត Ben Tre

ក្រឡេកមើលពីជ្រុងមួយទៀត មតិយោបល់ជាច្រើនគិតថា មូលហេតុដែលការប្រកួតប្រជែងរបស់ទំនិញវៀតណាមនៅលើទីផ្សារអឺរ៉ុបមិនដែលបង្ហាញច្បាស់គឺដោយសារតែសហគ្រាសមិនបានដឹងពីសារៈសំខាន់នៃការអភិវឌ្ឍន៍ម៉ាកយីហោក្នុងទីផ្សារនាំចេញ​។ សហគ្រាសតែងតែផ្តោតលើការបង្កើនផលិតកម្ម និងគុណភាពផលិតផល ហើយការយល់ដឹងអំពីតួនាទីនៃការអភិវឌ្ឍន៍ម៉ាកយីហោមិនត្រូវបានយកចិត្តទុកដាក់នៅឡើយ។ វៀតណាមល្បីល្បាញដោយទីផ្សារនាំចេញអង្ករ កាហ្វេ វាយនភណ្ឌ... ក្នុងចំណោមប្រទេសលំដាប់កំពូលក្នុងពិភពលោក ប៉ុន្តែទំនិញទាំងនេះត្រូវបាននាំចូលទៅកាន់សហភាពអឺរ៉ុបក្រោមម៉ាកយីហោរបស់ប្រទេសផ្សេង។ ដោយលើកយកឧទាហរណ៍អំពីផលិតផលកាហ្វេ លោកស្រី Dao Thu Trang ប្រធានផ្នែកប្រឹក្សាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារនៃសភាឧស្សាហកម្មនិងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាមក៏បានទទួលស្គាល់ដែរថា ជនជាតិ​អាល្លឺម៉ង់តិចណាស់ដែលដឹងថា វៀតណាមជាប្រទេសនាំចេញកាហ្វេធំជាងគេលើពិភពលោក ហើយកញ្ចប់កាហ្វេដែលពួកគេប្រើជារៀងរាល់ថ្ងៃភាគច្រើនជាផលិតផលឆៅត្រូវបាននាំចេញពីប្រទេសវៀតណាម។

បង្កើនការយល់ដឹងក្នុងការអភិវឌ្ឍន៍ម៉ាកយីហោ

ការនាំចេញក្រោមម៉ាកយីហោសហគ្រាសជាតិរបស់ប្រទេសផ្សេងនឹងធ្វើឲ្យតម្លៃបន្ថែមនៃទំនិញវៀតណាមធ្លាក់ចុះ  ក៏ដូចជាការប្រកួតប្រជែងរបស់ទំនិញនឹងមិនមានភាពប្រសើរឡើងឡើយ។ ដូច្នេះហើយ ក្រៅពីការធានាគុណភាព និងបំពេញតាមស្តង់ដារ និងបទប្បញ្ញត្តិសុវត្ថិភាពផលិតផល សហគ្រាសវៀតណាមត្រូវផ្លាស់ប្តូរផ្នត់គំនិតដើម្បីមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ដូចជា marketing និងផ្សព្វផ្សាយជាដើម។ លោកស្រី Nguyen Thi Thu Thuy នាយិការងមជ្ឈមណ្ឌលគាំទ្រការនាំចេញនៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហ៍កម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា ឱកាសសម្រាប់សហគ្រាសវៀតណាមនាំចេញទំនិញទៅកាន់ទីផ្សារ EU គឺមានទំហំធំណាស់ ជាពិសេសនៅពេលនាំចេញទៅកាន់ទីផ្សារដែលមានស្តង់ដារខ្ពស់នោះ  សហគ្រាសក៏មានសមត្ថភាពកែលម្អគុណភាពផលិតផលនិងការប្រកួតប្រជែងផងដែរ។

អំពីកត្តាដែលសហគ្រាសត្រូវការបង្កើតម៉ាកយីហោនៅក្នុងទីផ្សារសហភាពអឺរ៉ុប លោក Vu Anh Son ទទួលបន្ទុកសភាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសបារាំងបានមានប្រសាសន៍ថា ជាដំបូងចាំបាច់ត្រូវតែបំពេញតាមស្តង់ដារទាំងអស់ និងតម្រូវការទីផ្សារ។ លើសពីនេះ សហគ្រាសត្រូវតែពិភាក្សាជាមួយអ្នកប្រឹក្សាខាងនាំចេញ។ ម៉្យាងវិញទៀត ការបង្កើតម៉ាកយីហោក៏ត្រូវអនុវត្តតាមវិស័យជាក់លាក់ផងដែរ ជាពិសេសគឺវិស័យដែលវៀតណាមមានប្រៀបខ្លាំង ដូចជា គ្រាប់ស្វាយចន្ទី ម្រេច អង្ករ កាហ្វេ...។

ជាមួយនឹងបទពិសោធន៍ឈានមុខគេក្នុងការនាំចេញបន្លែនិងផ្លែឈើ លោក Dinh Cao Khue ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន Dong Giao និងជាអនុប្រធានសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានចែករំលែកថា ប្រសិនបើសហគ្រាសមានការរៀបចំល្អពីការផលិតវត្ថុធាតុដើម ការដឹកជញ្ជូន ការបណ្តុះបណ្តាលកម្មករ រួមទាំងកសិកម្ម ឧស្សាហកម្ម និងការការពារបរិស្ថាន គឺការនាំចេញទៅកាន់សហភាពអឺរ៉ុបមិនពិបាកទេ។ លោក Dinh Cao Khue ចែករំលែកទៀតថា “បច្ចុប្បន្ន EU ចាប់អារម្មណ៍ដល់វៀតណាម ដូច្នេះសហគ្រាសវៀតណាមអាចសហការនិងបង្កើតខ្សែសង្វាក់តភ្ជាប់ពីប្រជាកសិករ សហករណ៍រហូតដល់ពាណិជ្ជករ ដើម្បីធានាគុណភាព និងស្តង់ដារផលិតផល”។

ក្រៅពីនោះ យោងតាមមតិយោបល់របស់អ្នកជំនាញបានឲ្យដឹងថា សហគ្រាសត្រូវផ្លាស់ប្តូរផ្នត់គំនិតនៃការធ្វើអាជីវកម្មជាមួយទីផ្សារ EU និងត្រូវតែបង្កើតម៉ាកយីហោសម្រាប់ផលិតផលដើម្បីឈានចូលទីផ្សារ EU ព្រមទាំងចុះបញ្ជីក្នុងការការពារពាណិជ្ជសញ្ញាសម្រាប់ផលិតផលវៀតណាមនៅទីផ្សារ EU ដើម្បីអាចអភិវឌ្ឍរយៈពេលវែងនៅក្នុងទីផ្សារនេះ៕

បកប្រែដោយ Thanh Cong