នៅពេលដែលអ័ព្ទពណ៌សនៅតែគ្របដណ្តប់លើជួរភ្នំ និងព្រៃឈើចាស់ៗនៅតាមព្រំដែន ខណៈបង្គោលព្រំដែនលេខ ៤២ បានលេចចេញជារូបរាងនៅក្នុងពន្លឺថ្ងៃរះភ្លឺចែងចាំង។ នោះក៏ជាពេលវេលាដែលជំហានរបស់កម្លាំងពីរគឺ ប៉ុស្តិ៍ការពារព្រំដែន Dak Rue (ចំណុះកម្លាំងការពារព្រំដែនខេត្តដាក់ឡាក់) និងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា) រួមទាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូររ (ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី) និងកងអនុសេនាធំលេខ ២ (តំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី) ចូលរួមក្នុងការល្បាតរួមគ្នានៅលើព្រំដែនដែលមានប្រវែងជិត ៨ គីឡូម៉ែត្រ។

leftcenterrightdel
កម្លាំងការពារព្រំដែននៃភាគីវៀតណាម និងកម្ពុជាគោរពបង្គោលព្រំដែន

សេចក្តីស្រឡាញ់លើផ្លូវល្បាតរួមគ្នា

នៅលើផ្លូវដីក្រហមដែលបត់ជុំវិញភ្នំ កម្លាំងនៃប្រទេសទាំងពីរបានដើរស្មាគ្នា ផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសន្តិសុខព្រំដែន ការងារសម្របសម្រួលការគ្រប់គ្រងព្រំដែន និងបង្គោលព្រំដែន។ ការជជែកគ្នា សួរគ្នាទៅវិញទៅមកអំពីជីវិត គ្រួសារ និងព័ត៌មានអំពីស្ថានភាពសន្តិសុខព្រំដែនជាភាសាពីរគឺ វៀតណាមផង និងខ្មែរផង គឺមានភាពអ៊ូអរ រួសរាយរាក់ទាក់ និងកក់ក្តៅហាក់ដូចជាការសួរសុខទុក្ខរបស់បងប្អូនដែលមិនបានជួបគ្នាយូរមកហើយ។

លោកវរសេនីយ៍ឯក Tran Loi នាយប៉ុស្តិ៍ការពារព្រំដែន Dak Rue ឱ្យដឹងថា “ផ្នែកព្រំដែនដែលគ្រប់គ្រងដោយអង្គភាពឥឡូវនេះត្រូវបានបោះបង្គោលធំរួចហើយ ប៉ុន្តែមិនទាន់បានកំណត់ខ័ណ្ឌសីមាព្រំដែននៅឡើយទេ។ ហេតុដូច្នេះ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនៅតែសម្របសម្រួលជាប្រចាំដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងតាមស្ថានភាពបច្ចុប្បន្ន ផ្លាស់ប្តូរព័ត៌មាន ដោះស្រាយបញ្ហាដែលកើតឡើងយ៉ាងឆាប់រហ័ស រួមចំណែកដល់ការរក្សាស្ថិរភាពនៅក្នុងតំបន់ព្រំដែន”។

ពេលឈប់នៅបង្គោលលេខ ៤២ ការចាប់ដៃគ្នាមានភាពតឹងរ៉ឹង កក់ក្តៅ និងរួសរាយរាក់ទាក់។ ថ្វីត្បិតតែឯកសណ្ឋានផ្សេងគ្នាក្តី ប៉ុន្តែភាគីទាំងពីរមានបេសកកម្មដូចគ្នាទេ ពោលគឺ រក្សាព្រំដែនឱ្យមានសន្តិភាព សុខដុមរមនា និងមិត្តភាពជារៀងរហូត។

លោកអនុសេនីយ៍ឯក ប៊ុន ថៃ អនុប្រធានប៉ុស្តិ៍នគរបាលព្រំដែនអូររ បាននិយាយថា៖ “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការសម្របសម្រួលការល្បាតជាមួយកងទ័ពការពារព្រំដែនវៀតណាម។ ភាគីទាំងពីរតែងតែទុកចិត្ត និងជួយគ្នាទៅវិញទៅមកក្នុងការងារ និងក្នុងជីវិត”។ នៅតាមបណ្តោយតំបន់ព្រំដែនដ៏លំបាកជាច្រើនក្តី សាមគ្គីភាព ការគាំទ្រ និងការជួយគ្នាទៅវិញទៅមកកាន់តែមានភាពថ្លៃថ្នូរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អង្គភាពទាំងពីរបានសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយឧប្បត្តិហេតុដែលកើតឡើងតាមបណ្តោយព្រំដែនយ៉ាងឆាប់រហ័ស ដែលរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់។

បន្ថែមពីលើភារកិច្ចចម្បងគឺការគ្រប់គ្រង និងការពារព្រំដែន អង្គភាពទាំងពីរនៃប៉ុស្តិ៍ការពារព្រំដែន Dak Rue និងប៉ុស្តិ៍នគរបាលព្រំដែនអូររ តែងតែចាត់ទុកការរក្សាសាមគ្គីភាព និងមិត្តភាពជាមូលដ្ឋានសំខាន់សម្រាប់បំពេញភារកិច្ចរួមគ្នាដោយជោគជ័យ។ នៅក្នុងការល្បាតព្រំដែននីមួយៗ ភាគីទាំងពីរបំពេញកាតព្វកិច្ចរបស់ខ្លួនផង ចែករំលែកព័ត៌មានអំពីជីវិត និងសន្តិសុខនៅក្នុងតំបន់ផង ព្រមទាំងបានជួយគ្នាទៅវិញទៅមកក្នុងការងារ និងក្នុងគ្រាលំបាកផងដែរ។

leftcenterrightdel
កម្លាំងការពារព្រំដែននៃភាគីវៀតណាម និងកម្ពុជាធ្វើការល្បាតរួម

ចូលរួមកសាងព្រំដែនសន្តិភាព និងមិត្តភាព

ព្រំដែនរវាងខេត្តដាក់ឡាក់ និងខេត្តមណ្ឌលគីរី មានសណ្ឋានដីភ្នំរដិបរដុប ប្រជាជនមានតិចតួច ហើយជីវិតរបស់ប្រជាជននៅតែជួបការលំបាក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំងការពារព្រំដែនទាំងពីរនៃខេត្តទាំងពីរ និងប្រទេសទាំងពីរ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ត្រូវបានរក្សាជានិច្ច។ ប្រជាជននៅសងខាងព្រំដែននឹងនរចិត្តរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងកងកម្លាំងមុខងារនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងអភិវឌ្ឍ។

លោកវរសេនីយ៍ឯក Nguyen Van Linh មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានអះអាងថា៖ “ការសម្របសម្រួលក្នុងភារកិច្ចល្បាត និងត្រួតពិនិត្យរួម រវាងកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ និងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី គឺជាការបង្ហាញយ៉ាងច្បាស់លាស់ពីចំណងសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ ភាគីទាំងពីរមិនត្រឹមតែធ្វើការរួមគ្នាដើម្បីការពារព្រំដែនសន្តិភាព មិត្តភាព និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្ត ការយោគយល់ និងក្តីជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ”។

តំបន់ព្រំដែនមានការលំបាក និងជួបបញ្ហាប្រឈមជាច្រើន ដោយមានភ្នំខ្ពស់ៗ អូរជ្រៅៗ និងអាកាសធាតុពិបាកទ្រាំ ដូច្នេះជំហាននីមួយៗនៃការល្បាតរួមគ្នាមានអត្ថន័យជ្រាលជ្រៅ៖ ជាជំហាននៃការជឿទុកចិត្ត សាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា។

នៅពេលដែលពន្លឺព្រះអាទិត្យពេលថ្ងៃរះលើដើមឈើ គ្រានោះការល្បាតបានបញ្ចប់ដោយការចាប់ដៃគ្នាយ៉ាងយូរ។ នៅលើតំបន់ព្រំដែននេះ ស្នាមដានជើងរបស់កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរដិតជាប់លើដីស្មើជាជួរយ៉ាងស្អាត ហើយនេះជាភស្តុតាងនៃទំនាក់ទំនងរឹងមាំដែលបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្ត និងចំណងមិត្តភាព។ បង្គោលព្រំដែនលេខ ៤២ នៅតែឈរយ៉ាងរឹងមាំនៅចន្លោះទង់ជាតិនៃប្រទេសទាំងពីរ ខ្យល់បក់កាត់ដើមឈើដែលហាក់ដូចសំឡេងខ្សឹបខ្សៀវនៃព្រំដែន។ សន្តិភាពមិនកើតឡើងដោយធម្មជាតិទេ គឺវាត្រូវបានកសាងនិងថែរក្សាដោយឈាមស្រស់ សាច់ស្រស់ ការខិតខំប្រឹងប្រែង ការទទួលខុសត្រូវ និងបេះដូងរបស់កម្លាំងការពារព្រំដែន ដែលពួកគេបានល្បាតដោយស្ងៀមស្ងាត់ទាំងយប់ទាំងថ្ងៃនៅកន្លែងដាច់ស្រយាល និងលំបាកបំផុតនៃមាតុភូមិ។

ការល្បាតរួមគ្នារបស់កម្លាំងនៃភាគីទាំងពីរតាមបណ្តោយព្រំដែនរវាងខេត្តទាំងពីរ មិនត្រឹមតែជាការងារប្រចាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំរវាងប្រជាជនទាំងពីរដែលមានព្រំដែនរួមគ្នា និងមានសេចក្តីប្រាថ្នាដូចគ្នាចំពោះសន្តិភាពផងដែរ។ ចាប់ពីជំហានដានជើងទាំងនោះ ព្រំដែនលែងជាខ្សែបែងចែកទៀតហើយ ប៉ុន្តែជាស្ពានភ្ជាប់អារម្មណ៍ ទំនុកចិត្ត និងការភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាជារៀងរហូតនៅក្នុងចិត្តរបស់កងកម្លាំងនៅជួរមុខនៃមាតុភូមិទៀតផង៕

បកប្រែដោយ Minh Trung