“នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានកើតមក ដោយអំពាវនាវឲ្យមានការរួបរួមពីប្រជាពលរដ្ឋទាំងអស់ក្រោកឈរឡើង ដើម្បីផ្តួលរំលំពួក ប៉ុល ពត ប្រតិកិរិយា ហើយទន្ទឹមនឹងនោះ បានអំពាវនាវឲ្យវៀតណាមជួយកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ឃោឃៅព្រៃផ្សៃ។ កាលនោះខ្ញុំជាកម្មាភិបាលនាយកដ្ឋានព័ត៌មានក្រសួងការបរទេស នៅចុងឆ្នាំ១៩៧៨ លោក Ngo Dien អនុប្រធានក្រុមបេសកកម្ម B68 (រហ័សនាមរបស់ក្រុមប្រឹក្សាវៀតណាមនៅកម្ពុជា) បានទូរស័ព្ទទៅក្រសួងការបរទេសស្នើឱ្យខ្ញុំមកស្រុកខ្មែរ ធ្វើជាលេខារបស់គាត់។ នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាម ខ្ញុំបានជិះយន្តហោះទៅទីក្រុងហូជីមិញ ហើយទៅកាន់ទីស្នាក់ការ B68 ដើម្បីទទួលភារកិច្ច។ ខ្ញុំទទួលបានឯកសណ្ឋានយោធា កាបូបស្ពាយ មួកដាក់ធុង... សម្លៀកបំពាក់ពណ៌បៃតងបានប្រែខ្ញុំទៅជាកងទ័ពពិតៗ។

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៧៩ លោក Ngo Dien និងខ្ញុំបានឡើងយន្តហោះមកភ្នំពេញ។ ជិតកន្លះម៉ោងហោះហើរ ពួកយើងអង្គុយជាមួយគ្នាយ៉ាងស្ងៀមស្ងាត់។ ខ្ញុំយល់ថា មេជាទីគោរពរបស់ខ្ញុំកំពុងគិតគូររៀបចំផែនការមួយដើម្បីជួយប្រទេសមិត្តឱ្យរស់ឡើងវិញយ៉ាងឆាប់រហ័ស។ អាចនិយាយបានថាខួរក្បាលគាត់ដូចជាសព្វវចនាធិប្បាយអ៊ីចឹង។ លោក Ngo Dien មានស្រុកកំណើតនៅខេត្ត Quang Nam ហើយបានចូលរួមបដិវត្តន៍នៅខែសីហា ឆ្នាំ១៩៤៥ នៅពេលដែលគាត់ទើបតែរៀនចប់មហាវិទ្យាល័យមួយនៅទីក្រុងហាណូយ។ នៅថ្ងៃនោះ ពេលគាត់ទៅតំបន់សង្គ្រាម គាត់បានទទួលកិច្ចការផ្សេងៗជាច្រើន ហើយបានបញ្ចប់ទាំងអស់យ៉ាងល្អឥតខ្ចោះ។

រដ្ឋធានីប្រទេសមិត្តត្រូវបានរំដោះរយៈពេលកន្លះខែហើយ ប៉ុន្តែទើបតែចាប់ផ្តើមបោសសម្អាត។ នៅចំពោះមុខយើងខ្ញុំគឺភាពស្ងប់ស្ងាត់នៅភ្នំពេញលាយឡំនឹងភាពសោកសៅដោយមិនសូវមានមនុស្សដើរទៅវិញទៅមកឡើយ។ រំពេចនោះខ្ញុំបានឮសំឡេងសត្វបក្សីបន្លឺឡើង។ ក្រឡេកមើលទៅឃើញមេឃនៅភ្នំពេញខ្ពស់ពណ៌ខៀវ មានហ្វូងបក្សីហើរពីទិសបឹងទន្លេសាបមក ខ្ញុំទើបភ្ញាក់ផ្អើលថានិទាឃរដូវកំពុងចូលមកនៅប្រទេសកម្ពុជាជាប្រទេសដែលទើបតែរួចផុតពីរបបប្រល័យពូជសាសន៍សែនសាហាវជាទីបំផុត។

leftcenterrightdel
លោក Nguyen Chien Thang អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា (ទី២ខាងឆ្វេង)

ក្រសួងការបរទេសដែលទើបបង្កើតថ្មីរបស់មិត្តបោះទីតាំងបណ្តោះអាសន្ននៅក្នុងផ្ទះបោះបង់ចោលមួយនៅមាត់ទន្លេ ប៉ុន្តែកន្លែងធ្វើការគ្មានសម្ភារៈបរិក្ខារអ្វីទាំងអស់ទេ។ យើងខ្ញុំរួមជាមួយ និងបុគ្គលិកដំបូងរបស់មិត្តបានស្វែងរកផ្ទះដែលគេបោះបង់ចោល ដើម្បីប្រមូលតុ កៅអី ម៉ាស៊ីនអង្គុលីលេខ និងសម្ភារៈការិយាល័យនានា ដើម្បីបំពាក់ឱ្យទីស្នាក់ការក្រសួង។ លោក Bui Huu Nhan ជំនួយការសំខាន់ម្នាក់របស់លោក Ngo Dien ជាកម្មាភិបាលដែលពូកែភាសាអង់គ្លេស និងបារាំង កាលនៅទីក្រុងហាណូយ គឺជាប្រធានការិយាល័យអ្នកយកព័ត៌មាននៃនាយកដ្ឋានខ្ញុំធ្វើការ។ ខ្ញុំនៅចាំរូបភាពគាត់ទៅប្រមូលរបស់របរជាសម្ភារៈការិយាល័យជាមួយមិត្ត ពេលខ្លះ គាត់ស្លៀកតែខោខ្លីខ្លួនប្រឡាក់ដោយធូលី និងបែកញើសពេញខ្លួនតែគាត់មិនខ្វល់ទេដោយបន្តខិតខំទៅរកសម្ភារៈការិយាល័យឱ្យមិត្តអាចធ្វើការបាន។ អ្នកការទូតមិនមែនចេះតែងស្លៀកពាក់ស្អាតបាត និងក្រវ៉ាត់កទេ!

រៀងរាល់ថ្ងៃខ្ញុំជួយការងារឱ្យលោក Ngo Dien ដូច្នេះខ្ញុំឧស្សាហ៍បានជួបលោករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ជូនតេឡេក្រាម ឬបញ្ជូនឯកសារ។ កាលពីដើម ខ្ញុំខ្ចីម៉ូតូហុងដា ៥០ ចាស់ជិះ។ ថ្ងៃមួយដែលខ្ញុំបានទៅសុំឯកសារយានយន្ត ខ្ញុំឃើញលោក ហ៊ុន សែន អង្គុយម្នាក់ឯងនៅមុខតុធំមួយ គាត់មានរាងខ្ពស់ស្គម មើលទៅដូចអ្នកប្រាជ្ញជាងជាទាហានម្នាក់ដែលទើបតែត្រឡប់មកពីសមរភូមិទៅទៀត។ គ្រានោះគាត់បានយកថង់ប្លាស្ទិកតូចមួយចេញពីកាបូបស្ពាយពណ៌ខ្មៅរបស់គាត់ ហើយទាញត្រាចេញនិង “វាយត្រា” ដោយផ្ទាល់ខ្លួនឯងទៅលើក្រដាសឲ្យខ្ញុំ។ រូបភាពគាត់បោះត្រាលើអាជ្ញាប័ណ្ណឱ្យខ្ញុំ គឺស្ថិតក្នុងការចងចាំរបស់ខ្ញុំជារៀងរហូត។ លោកឯកអគ្គរដ្ឋទូត Ngo Dien បានប្រាប់ខ្ញុំថា នៅក្នុងកិច្ចប្រជុំមួយ លោក ហ៊ុន សែន បានសួរថា៖ “បង Chien Thang នៅឯណា ខ្ញុំមិនបានឃើញគាត់យូរហើយ?”។ ពេលខ្ញុំក្លាយជាឯកអគ្គរដ្ឋទូតហើយ គាត់នៅតែហៅខ្ញុំថា "បង Chien Thang"ដែរ។ ត្រូវនិយាយបន្ថែមថា លោក ហ៊ុន សែន និយាយភាសាវៀតណាមបានល្អណាស់។ មានពេលមួយ ក្នុងកិច្ចប្រជុំផ្លូវការដែលត្រូវតាមរយៈអ្នកបកប្រែ គាត់ថែមទាំងកែឱ្យអ្នកបកប្រែទៀតផង។

បុណ្យចូលឆ្នាំ១៩៧៩ នៅក្រសួងការបរទេស "បណ្តោះអាសន្ន" របស់មិត្ត ពិតជាមិនមានតេតទេ ពីព្រោះជីវភាពប្រចាំថ្ងៃគឺពិបាកណាស់។ ផ្ទះបាយជាធម្មតាមានតែសម្លរាវ និងត្រីងៀតបន្តិចប៉ុណ្ណោះ។ នារសៀលថ្ងៃទី៣០ នៃបុណ្យចូលឆ្នាំថ្មី លោក Trinh Vinh Pha ជំនួយការប្រធាន B68 - ឧត្តមសេនីយ៍ត្រី Hoang The Thien បានហៅខ្ញុំមកកាន់ការិយាល័យរបស់គាត់ដើម្បីទទួលនូវនំអន្សមមួយរបស់កងទ័ពជូនលោក Ngo Dien។ នៅតាមផ្លូវឆ្លងកាត់ផ្ទះវីឡាដែលគេបោះបង់ចោលមួយ ខ្ញុំស្រាប់តែឃើញមែកផ្កាអង្គារសីល៌មួយដុះនៅក្នុងសួនច្បារ។ ផ្កាមានពណ៌លឿងភ្លឺស្រស់ ខ្ញុំឈប់មួយសន្ទុះស្ងើចសរសើរផ្កា ហាក់ដូចជាឃើញក្តីសង្ឃឹមនៃការកើតមកឡើងវិញ...

ព្រឹកថ្ងៃដំបូងនៃបុណ្យតេត។ គួរឲ្យស្តាយណាស់ ដែលខ្ញុំមិនអាចយកផ្កា អង្គារសីល៌ពណ៌លឿងពីវីឡាដែលគេបោះបង់ចោលនោះ មកដាក់តាំងបង្ហាញឱ្យមានបរិយាកាសបុណ្យតេតវៀតណាមទេ។ បង Ha ជាអ្នកបើកបររបស់លោក Ngo Dien មានគំនិតទៅចាប់ត្រីក្នុងអាងទឹករាក់តាមដងទន្លេមេគង្គ។ បាយថ្ងៃដំបូងក្នុងឆ្នាំថ្មីគឺឆ្ងាញ់ជាងដោយសារមានត្រីខជាមួយស្វាយខ្ចី និងប៉េងប៉ោះខ្ចី។ ជាធម្មតា រាល់ពេលបាយ លោក Ngo Dien នឹងរួមជាមួយយើងខ្ញុំហូបបាយឱ្យលឿន ប្រញាប់ធ្វើការទៀត។ ប៉ុន្តែលើកនេះ ពេលដែលនំអន្សមត្រូវបានបកចេញ ហើយដាក់នៅចំកណ្តាលថាស ក្បែរឆ្នាំង "ស៊ុប" ភ្លាមនោះ លោក Ngo Dien ក៏រើសកែវដែកតូចមួយ ចាក់ទឹកត្រជាក់ចូលហើយលើកកែវឡើង ជាមួយទឹកមុខញញឹម សម្លឹងមើលអ្នកគ្រប់គ្នាហើយនិយាយថា៖ “យើងសូមជូនពរឱ្យប្រទេសមិត្តមានការរស់ឡើងវិញ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស!"។ គ្មាននរណាម្នាក់ប្រាប់អ្នកណាទេ យើងខ្ញុំម្នាក់ៗកាន់កែវទឹកឡើងជូនពរឆ្នាំថ្មី។ ពិតជាសប្បាយណាស់ ទោះបីខ្វះខាតក្តី!

មិនដឹងជោគវាសនាយ៉ាងណាទេ តែជីវិតការទូតរបស់លោកឯកអគ្គរដ្ឋទូត Ngo Dien បានផ្សារខ្ជាប់ទៅនឹងប្រទេសកម្ពុជាតែម្តង។ គិតត្រឹមនៅខែវិច្ឆិកា ឆ្នាំ ១៩៩១ នៅពេលដែលគាត់ត្រឡប់មកស្រុកកំណើតវិញ គាត់បានចំណាយពេលសរុប ១៨ ឆ្នាំនៅទីនេះ ស្មើនឹងមួយភាគបីនៃជីវិតរបស់គាត់ជាសកម្មជនបដិវត្តន៍។

ក្រោយមក មុននឹងទៅប្រទេសកម្ពុជាទទួលតំណែងជាឯកអគ្គរដ្ឋទូត ខ្ញុំបានទៅជួបសួរសុខទុក្ខលោក Ngo Dien នៅបន្ទប់តូចមួយនៅផ្ទះលេខ ២៦ Hang Chuoi (ហាណូយ)។ នៅពេលនោះគាត់មានអាយុ ៨០ ឆ្នាំហើយ។ បន្ទាប់ពីដួល គាត់ខ្សោយណាស់។ លោកស្រី Ty ភរិយារបស់លោកបាននិយាយថា ថ្ងៃមួយទូរទស្សន៍ផ្សាយព័ត៌មានអំពីស្ថានការណ៍នៅកម្ពុជា គ្រានោះលោកកំពុងដើរក្នុងបន្ទប់ស្រាប់តែងាកមកមើលទូរទស្សន៍ភ្លាមៗ។ ដោយសារតែងាកមកមើលទូរទស្សន៍លឿនពេកបាននធ្វើឱ្យគាត់ដួលចុះដី ហើយដេកកំរើកខ្លួនមិនបានលើគ្រែរហូតដល់នេះ។ លើគ្រែគាត់ខំកាន់ដៃខ្ញុំ នៅតែជាដៃរបស់អ្នកសរសេរឈ្លាសវៃ ជាគ្រូដែលធ្លាប់បានណែនាំបង្រៀនដល់កូនសិស្សគឺរូបខ្ញុំផ្ទាល់។ គាត់សម្លឹងមើលភ្នែកខ្ញុំត្រង់ៗ កាន់ដៃខ្ញុំយ៉ាងណែន ហើយខ្ញុំដឹងថាគ្រូរបស់ខ្ញុំចង់ផ្តាំផ្ញើអ្វីហើយ។ ខ្ញុំមានអារម្មណ៍ថា វាគឺជាសេចក្តីស្រឡាញ់របស់គាត់ចំពោះបុព្វហេតុនៃការរស់ឡើងវិញ និងការអភិវឌ្ឍនៃប្រទេសមិត្តកម្ពុជា នេះគឺជាទឹកចិត្តអស់មួយជីវិតរបស់គាត់ជូនចំពោះប្រទេសកម្ពុជា!

បកប្រែដោយ Minh Trung