គណប្រតិភូនគរបាលខេត្តរតនគិរី និងស្ទឹងត្រែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Gia Lai
កប.អនឡាញ - នារសៀលថ្ងៃទី១ ខែកុម្ភៈ លោកឧត្តមសេនីយ៍ត្រី Rah Lan Lam សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត នាយកនគរបាលខេត្ត Gia Lai ប្រទេសវៀតណាម បានទទួលជួបស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែង (ព្រះរាជាណាចក្រកម្ពុជា) ដែលមកជូនពរបុណ្យចូលឆ្នាំថ្មី ២០២៤។
ថ្លែងក្នុងជំនួប លោកនាយកនគរបាលខេត្ត Gia Lai បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣ ទោះបីមានការពិបាក និងបញ្ហាប្រឈមមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក៏ដោយ ប៉ុន្តែកងកម្លាំងនគរបាលនៃខេត្តទាំងបីគឺខេត្ត Gia Lai ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធ បានរក្សាជំនួប និងផ្លាស់ប្តូរ ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តភារកិច្ចការពារជាតិ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសនៅតាមព្រំដែន រួមចំណែករក្សាស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមរបស់ភាគីទាំងឡាយ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋនៃខេត្តទាំង៣។ លោកឧត្តមសេនីយ៍ត្រី Rah Lan Lam ក៏បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងសំខាន់លើគ្រប់វិស័យរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធកម្ពុជា។
|
|
លោក Rah Lan Lam ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែង (រូបថត៖ baogialai.com.vn) |
លោកនាយកនគរបាលខេត្ត Gia Lai សម្តែងនូវការជឿជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពរវាងនគរបាលខេត្ត Gia Lai និងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងកងកម្លាំងពាក់ព័ន្ធនៃកម្ពុជានឹងបន្តរឹតបន្តឹង និងអភិវឌ្ឍ នាពេលខាងមុខ។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងលោកស្នងការរងនគរបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់នគរបាលខេត្ត Gia Lai និងអបអរសាទរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Gia Lai និងសមិទ្ធផលរបស់កងកម្លាំងនគរបាលខេត្ត Gia Lai នាពេលកន្លងមកនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ប្រធានគណៈប្រតិភូខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៃនគរបាលខេត្ត Gia Lai និងជូនពរទំនាក់ទំនងរវាងនគរបាលនៃខេត្តទាំងបី កាន់តែមានសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ៕
បកប្រែដោយ Thuy Anh