គណៈប្រតិភូយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត Gia Lai
កប.អនឡាញ - នាថ្ងៃទី២៥ ខែមករា គណៈប្រតិភូយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយនាយសេនាធិការរង យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត Gia Lai វៀតណាម។ លោកវរសេនីយ៍ឯក Le Thanh Tung មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានទទួលជួបគណៈប្រតិភូ។
នៅក្នុងជំនួប នាយសេនាធិការរង យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជម្រាបជូនអំពីសកម្មភាពសម្របសម្រួលរវាងអង្គភាពទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមក ស្តីពីការធានាការពារជាតិ និងសន្តិសុខនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសការសម្របសម្រួល និងការជួយឧបត្ថម្ភក្រុម K៥២ នៃការិយាល័យនយោបាយ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតនៅកម្ពុជា ដែលជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ អាស្រ័យដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអង្គភាពទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទបានជួយឧបត្ថម្ភ និងសហការជាមួយក្រុមការងារយោធភូមិភាគទី៥ រួមទាំងក្រុម K៥២ នៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៥,៩០០ អដ្ឋិធាតុ ដែលពលីជីវិតក្នុងពេលបំពេញបេសកកម្មអន្តរជាតិនៅកម្ពុជា។
|
|
គណៈប្រតិភូយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត Gia Lai |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២៤ នាយសេនាធិការរង យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជូនពរប្រមុខបញ្ជាការដ្ឋានយោធាខេត្ត Gia Lai កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Gia Lai មានសុខភាពល្អ សំណាងល្អ អភិវឌ្ឍន៍ និងជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាពរវាងអង្គភាពទាំងពីរកាន់តែនិរន្តរភាព។
លោកវរសេនីយ៍ឯក Le Thanh Tung បានឲ្យដឹងថា ចាប់ពីពិធីជូនដំណើរទ័ពរបស់ក្រុម K៥២ ការិយាល័យនយោបាយ បញ្ជាការដ្ឋានយោធាខេត្ត នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ កម្មាភិបាល និងយុទ្ធជននៃក្រុម K៥២ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧ អដ្ឋិធាតុ។ នេះជាសក្ខីភាពបញ្ជាក់ពីការជួយឧបត្ថម្ភ ការសម្របសម្រួល និងការបង្កើតលក្ខខណ្ឌអំណោយផលរបស់អាជ្ញាធរខេត្តរតនគិរី និងយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ៕
បកប្រែដោយ Huyen Trang