ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ នាថ្ងៃទី៣ និងថ្ងៃទី៤ ខែធ្នូ គ្រូពេទ្យយោធាវៀតណាម និងកម្ពុជា បានសហការរៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងស្រុក Duc Co ខេត្ត Gia Lai វៀតណាម។ ទោះបីជាទទួលបានការយកចិត្តទុកដាក់ច្រើនពីស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងប្រទេសនីមួយៗក៏ដោយក៏ជីវភាពរស់នៅរបស់ជនរួម​ជាតិនៅតាមបណ្តាស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ប្រជាជនជាច្រើនមិនមានឱកាសទៅពិនិត្យសុខភាពនោះទេ។ ដូច្នេះហើយ ពេលទទួលបានដំណឹងថា ក្រុមគ្រូពេទ្យយោធានៃប្រទេសទាំងពីរមកពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ អ្នកស្រុកសប្បាយចិត្តយ៉ាងក្រៃលែង។ ពួកគេមានវត្តមាននៅសាលាបឋមសិក្សាប៉ក់ធំ (ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី) និងទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Ia Dom (ស្រុក Duc Co) តាំងពីព្រឹកព្រលឹម ដើម្បីរង់ចាំវេនពិនិត្យសុខភាព។

leftcenterrightdel
ពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ចាប់ពីម៉ោង ៦ ព្រឹក ប្អូន Puih Dasamay អាយុ ១៨ ឆ្នាំ មានវត្តមានជាមួយម្តាយនៅសាលាបឋមសិក្សាប៉ក់ធំ។ ប្អូន Puih Dasamay មានគ្រុនក្តៅ និងឈឺបំពង់កអស់រយៈពេលជាច្រើនថ្ងៃ។ ប្អូន Puih Dasamay បានចែករំលែកថា “ម្តាយខ្ញុំ និងខ្ញុំមកតាំងពីព្រឹកព្រលឹម ដើម្បីតម្រង់ជួរ ព្រោះយើងដឹងថានឹងមានមនុស្សជាច្រើនមកពិនិត្យសុខភាព។ គ្រូពេទ្យយោធា​វៀត​ណាមបានធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកដុំសាច់អាមីដាល។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំលេបថ្នាំតាមវេជ្ជបញ្ជា គ្រុនក្តៅនិងឈឺបំពង់កនឹងបាត់។ ខ្ញុំសង្ឃឹមថា គ្រូពេទ្យយោធានៃប្រទេសទាំងពីរនឹងមកទីនេះច្រើនដងទៀត ដើម្បីជួយប្រជាជនក្រីក្រដូចគ្រួសាររបស់ខ្ញុំ”។

ទោះបីបានធ្វើការយ៉ាងនឿយហត់ក៏ដោយ ទឹកមុខគ្រូពេទ្យរាល់គ្នាមានភាពរីករាយ។ យោងតាមលោក Hplin Tavan អនុប្រធានស្រុកអូរយ៉ាដាវ និងលោក Siu Luynh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Duc Co បានឲ្យដឹងថា កម្មវិធីពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃនេះគឺជាសកម្មភាពដ៏មានអត្ថន័យ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងតំបន់ដាច់ស្រយាលទទួលការថែទាំសុខភាពប្រសើរជាងមុន។ ថ្នាក់ដឹកនាំនៃមូលដ្ឋានទាំងពីរសង្ឃឹមថា គ្រូពេទ្យយោធាវៀតណាម និងកម្ពុជានឹងបន្តសហការរៀបចំកម្មវិធីនេះជាច្រើននាពេលខាងមុខ។ លោកវរសេនីយ៍ឯក Le Van Dong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារ) បានសង្កត់ធ្ងន់ “កងកំលាំងពេទ្យយោធាវៀតណាម និងកម្ពុជា សហការរៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ក្នុងបំណងបង្ហាញពីទំនួលខុសត្រូវ និងមនោសញ្ចេតនា ការតបស្នងសងគុណចំពោះជំនួយ និងការគាំទ្ររបស់ប្រជាជន ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា”៕

បកប្រែដោយ Thuy Anh