ក្នុងចំណោមសកម្មភាពការទូតជាច្រើនដែលបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបីនោះ មានសកម្មភាពដ៏លេចធ្លោគឺការចិញ្ចឹមនិងថែទាំនិស្សិតមកពីប្រទេសជិតខាងទាំងពីរដែលត្រូវបានអនុវត្តដោយអង្គការនយោបាយ សង្គម និងមូលដ្ឋាននានានៅទូទាំងប្រទេសវៀតណាម។ ក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា កាសែតកងទ័ពប្រជាជនវៀតណាមសូមណែនាំជូនមិត្តអ្នកអាននូវអត្ថបទចំនួន ៤ ក្រោមប្រធានបទ៖ បណ្តុះពន្លកមិត្តភាពដោយបេះដូងរបស់ប្រជាជនវៀតណាម។

អត្ថបទទី១៖ អ្នកស្ម័គ្រចិត្តបណ្តុះពន្លក

អ្នកស្រី Nguyen Thi Hang រស់នៅក្នុងសង្កាត់លេខ ១៣ ខ័ណ្ឌលេខ ៤ ទីក្រុងហូជីមិញ មានមោទនភាពយ៉ាងខ្លាំង ព្រោះអ្នកស្រីមានកូនធម៌ចំនួន ៥ នាក់ ដែលជានិស្សិតឡាវសិក្សានៅវៀតណាម។ ដំបូងឡើយ អ្នកស្រី Hang គ្រោងនឹងទទួលកូនធម៌ពីរនាក់ ដែលជានិស្សិតឡាវ ក្នុងរយៈពេលមួយ ប៉ុន្តែតាមរយៈការជួបប្រាស្រ័យទាក់ទងគ្នា អ្នកស្រីដឹងថា គាត់យល់ពីគំនិត និងអារម្មណ៍របស់កូនៗ ទើបអ្នកស្រីសម្រេចចិត្តចិញ្ចឹមកូនៗរហូតដល់ពួកគេរៀនចប់មហាវិទ្យាល័យ។ ជាក្តីសប្បាយជាង ក្រៅពីកូន ២ នាក់ដែលបានទទួលជាកូនធម៌ ក៏មាននិស្សិតឡាវ ៣ នាក់ទៀតក៏ស្មគ្រ័ចិត្តជាកូនធម៌ក្នុងគ្រួសារគាត់ដែរ។

អ្នកស្រី Hang បានចែករំលែកថា៖ “ពេលកូនមកគ្រួសារ ហៅខ្ញុំដោយពាក្យថា “ម៉ែ” ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែមានទំនួលខុសត្រូវចំពោះពួកគេ ស្រឡាញ់ និងថែទាំពួកគេដូចជាសាច់ញាតិរបស់ខ្ញុំ។ កូនៗដែលមករស់នៅជាមួយគ្រួសារសុទ្ធតែជួយគ្រួសារគ្រប់បែបយ៉ាង រួមជាមួយនឹងក្រុមគ្រួសារ អនុវត្តការងារសង្គម និងចលនានានានៅតាមមូលដ្ឋានដែលត្រូវបានគណៈកម្មាធិការបក្ស អាជ្ញាធរ អង្គការនយោបាយ និងអង្គការមហាជនយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់”។

ដូចអ្នកស្រី Hang ដែរ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អ្នកស្រី Truong Thuy Uyen នៅសង្កាត់លេខ ១៥ ខ័ណ្ឌលេខ ៤ ទីក្រុងហូជីមិញ បានចូលរួមសកម្មភាពជួយទំនុកបម្រុងនិស្សិតកម្ពុជាដែលសិក្សានៅទីក្រុងហូជីមិញ។ បច្ចុប្បន្ន អ្នកស្រីកំពុងជួយទំនុកបម្រុងនិស្សិតកម្ពុជា ២ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Ton Duc Thang។ ទោះបីជាពួកគេមិនរស់នៅដោយផ្ទាល់ជាមួយគ្រួសារក៏ដោយក៏ពួកគេធ្លាប់មកជួបឪពុកម្តាយធម៌ ហើយទៅដើរលេងកម្សាន្ត ឬចូលរួមក្នុងសកម្មភាពរួមគ្នាជាមួយគ្រួសារ។

leftcenterrightdel
ភាពសប្បាយរីករាយរបស់អ្នកស្រី Truong Thuy Uyen និងកូនធម៌ជានិស្សិតកម្ពុជា

អ្នកស្រី Uyen បានចែករំលែកថា៖ “ខ្ញុំមានកូនប្រុសស្រករអាយុនឹងកូនធម៌ជានិស្សិតកម្ពុជា ២ នាក់ និងរៀននៅសកលវិទ្យាល័យមួយដែរ។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ខ្ញុំយកចិត្តទុកដាក់ និងថែទាំកូនៗរបស់ខ្ញុំ។ ពួកគេក៏តែងតែឧបត្ថម្ភ និងជួយគ្នាទៅវិញទៅមកក្នុងពេលនៅសាលាដែរ”។

មិនត្រឹមតែនៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងទីក្រុងហាណូយ និងមូលដ្ឋានជាច្រើននៅទូទាំងប្រទេសក៏បានចូលរួមចលនាទទួលកូនធម៌ដើម្បីជួយឧបត្ថម្ភនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សា និងរស់នៅក្នុងតំបន់ទៀតផង។

ក្នុងនាមជា “ម្តាយទីពីរ” អ្នកស្រី Hoang Thi Nga នៅសង្កាត់ Hung Dung ទីក្រុង Vinh ខេត្ត Nghe An បានចូលរួមយ៉ាងសកម្មក្នុងការទទួលកូនធម៌ជានិស្សិតឡាវដែលសិក្សានៅវៀតណាម។

leftcenterrightdel
របាំភ្ជាប់ទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ

អ្នកស្រី Nga បានសំណេះសំណាលថា៖ “នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ សម្ព័ន្ធសមាគមនារី Trung Hung សង្កាត់ Hung Dung ទីក្រុង Vinh ខេត្ត Nghe An បានរៀបចំពិធីចងមេត្រីភាពជាមួយនិស្សិតឡាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រទីក្រុង Vinh។ នៅពេលនោះ មាននិស្សិតឡាវចំនួន ១២២ នាក់ ហើយបន្ទាប់មក នៅខែកញ្ញា ឆ្នាំ ២០២០ សកម្មភាពទទួលកូនធម៌ត្រូវបានរៀបចំឡើង ដោយចែកចេញជា ៣ ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើង ដូច្នេះសម្ព័ន្ធសមាគមនារី Trung Hung រៀបចំបានតែដំណាក់កាលដំបូងប៉ុណ្ណោះ ក្នុងនោះមានកូនចំនួន ៤០ នាក់ ហើយគ្រួសារខ្ញុំបានទទួលកូនធម៌ ៣ នាក់។ មុននោះ ខ្ញុំក៏ទទួលកូនធម៌ជាសិស្សឡាវ ឥឡូវនិស្សិតទាំងនេះបានរៀនចប់ហើយត្រឡប់មកស្រុកវិញ”។

រួមជាមួយគ្រួសារអ្នកស្រី Nga មានគ្រួសារជាច្រើនក៏បានទទួលកូនធម៌ជានិស្សិតឡាវជាយូរមកហើយមុនពេលពិធីចងមេត្រីភាព។ ពេលវេលាកន្លងផុតទៅ និស្សិតឡាវ និងកម្ពុជាបានបញ្ចប់ការសិក្សាបន្តិចម្តងៗ ហើយត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីរស់នៅ និងធ្វើការ ប៉ុន្តែនៅតែរក្សាទំនាក់ទំនងជាមួយឪពុកម្តាយធម៌របស់ពួកគេនៅវៀតណាម។

leftcenterrightdel
លោក Vu Vuong Viet បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយកូនធម៌ ៤ នាក់ ជានិស្សិតកម្ពុជា

ក្នុងនាមជាអ្នកដែលបានធ្វើការនៅកម្ពុជា ដោយមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅអំពីចំណងសាមគ្គីភាព និងមិត្តភាពជាមួយប្រជាជនកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ លោក Vu Vuong Viet អតីតអនុប្រធានប្រចាំការសមាគមមិត្តភាពវៀតណាម-កម្ពុជា បានមានមនោសញ្ចេតនាជាមួយប្រទេសនេះ។ នៅពេលដែលចលនា “បណ្តុះពន្លកមិត្តភាព” បានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០០២ មកទល់សព្វថ្ងៃនេះ លោក និងគ្រួសារលោកបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ ហើយបានទទួលនិស្សិតកម្ពុជាជាកូនធម៌ចំនួន ៧ នាក់ ដែលសិក្សានៅវៀតណាម។

leftcenterrightdel
លោក Nguyen The Dau រួមជាមួយកូនធម៌ជានិស្សិតកម្ពុជាក្នុងអំឡុងពេលដំណើរកម្សាន្ត

ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលជ្រោមជ្រែងយ៉ាងសកម្មចំពោះចលនា "បណ្តុះពន្លកមិត្តភាព" និងមានកូនធម៌ចំនួន ៩ នាក់ដែលជានិស្សិតកម្ពុជា លោក Nguyen The Dau អតីតអនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ ខុទ្ទកាល័យរដ្ឋសភាបានចែករំលែកថា “គោលបំណងនៃចលនានេះគឺដើម្បីបង្កើនសមត្ថភាពភាសាវៀតណាម ឧបត្ថម្ភ និងលើកទឹកចិត្តកូនៗឱ្យសម្រេចបានលទ្ធផលខ្ពស់ក្នុងការសិក្សា។ ម៉្យាងទៀត តាមរយៈកម្មវិធី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់វៀតណាម”។

leftcenterrightdel
កម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញឆ្នាំ២០២២

ទីក្រុងហូជីមិញគឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានឈានមុខគេក្នុងការទទួលនិស្សិតឡាវនិងកម្ពុជាជាកូនធម៌ដែលសិក្សានៅ​វៀតណាម។ ដើម្បីអនុវត្តការងារនេះឲ្យបានល្អ គណៈកម្មាធិការប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសាខាទីក្រុងហូជីមិញបានចេញគម្រោងលេខ 01/DA-MTTQ-BTT ចុះថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២១ ស្តីពីការរៀបចំកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ដំណាក់កាល ២០២១-​២០២៥។ ពីគម្រោងនេះ គណៈកម្មការរៀបចំបានជូនដំណឹងដល់ស្ថានអគ្គកុងស៊ុលឡាវ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញដើម្បីពិភាក្សា និងឯកភាពលើខ្លឹមសារនៃកម្មវិធីអនុវត្ត។ អាស្រ័យហេតុនោះ ភាគីនានាបានឯកភាពគ្នាអំពីខ្លឹមសារ និងវិធីសាស្រ្តអនុវត្តកម្មវិធីក្នុងដំណាក់កាល ២០២១-២០២៥។

leftcenterrightdel
សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានស្ងើចសរសើរដល់និស្សិតឡាវ និងកម្ពុជាឆ្នើមឆ្នាំ២០២២

លោក Nguyen Ho Hai លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ “គណៈកម្មាធិការប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញជឿជាក់ថា និស្សិតឡាវនិងនិស្សិតកម្ពុជាជាកត្តាសកម្មរួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងមនោសញ្ចេតនាដ៏ជិតស្និទ្ធរបស់ប្រជាជននៃប្រទេសទាំងបី។ និស្សិតទាំងនេះនឹងបន្តជាអ្នកពូនជ្រំទំនាក់ទំនងល្អរវាងប្រទេសទាំងបី រួមចំណែកកសាងប្រទេសរីកចម្រើន និងឆ្ពោះទៅគោលដៅកសាងសហគមន៍អាស៊ានសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ យុវជននៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា នឹងក្លាយជាកត្តាសំខាន់ក្នុងការផ្សារភ្ជាប់ និងរឹតបន្តឹងចំណងមិត្តភាពដែលត្រូវបានពូនជ្រំដោយជំនាន់មុនៗ”។

leftcenterrightdel
លោក Nguyen Ho Hai (អាវស ឈរនៅកណ្តាល) រួមជាមួយប្រតិភូ និងនិស្សិតនៃប្រទេសទាំងបី ក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២២

ចំណុចសំខាន់នៃកម្មវិធីគ្រួសារវៀតណាមជួយទំនុកបម្រុង និងទទួលកូនធម៌ជានិស្សិតឡាវ និងកម្ពុជា គឺបានបង្កើតបរិយាកាសល្អសម្រាប់និស្សិតឡាវ និងកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ជីវភាពប្រចាំថ្ងៃរបស់គ្រួសារវៀតណាម។ កម្មវិធីនេះទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការសម្របសម្រួលយ៉ាងរលូនក្នុងចំណោមស្ថាប័ន អង្គការ និងមូលដ្ឋានពាក់ព័ន្ធនានា។ ជាពិសេសជោគជ័យនៃកម្មវិធីនេះគឺអាស្រ័យដោយមានការជួយជ្រោមជ្រែង និងការចូលរួមយ៉ាងសកម្មរបស់បណ្តាគ្រួសារវៀតណាម រួមចំណែកជាក់ស្តែងជាមួយទីក្រុង បង្កើនកិច្ចការការទូតប្រជាជនជាមួយប្រជាជនឡាវ និងកម្ពុជា។

leftcenterrightdel
ថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម-កម្ពុជា បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ក្រៅពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអង្គការនិងអង្គការមហាជន មិនអាចខ្វះការ​ជួយឧបត្ថម្ភ និងការរួមដំណើរនៃបណ្តាសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ អន្តេវាសិកដ្ឋានដែលនិស្សិតឡាវ និងកម្ពុជាសិក្សា និងរស់នៅ។

ដើម្បីភ្ជាប់និស្សិតវៀតណាម-ឡាវ-កម្ពុជា សាកលវិទ្យាល័យនានាបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ក្រុមនីមួយៗសុទ្ធតែមាននិស្សិតវៀតណាម-ឡាវ-កម្ពុជា ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលមិនពូកែភាសាវៀតណាម។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យនានាក៏បានរៀបចំការប្រកួតកីឡាបាល់ទាត់ ការផ្លាស់ប្ដូរវប្បធម៌ ការសម្ដែងសិល្បៈ និងម្ហូបអាហារក្នុងចំណោមនិស្សិតវៀតណាម-ឡាវ-កម្ពុជាផងដែរ។

leftcenterrightdel
សាកលវិទ្យាល័យ Nguyen Tat Thanh ប្រគល់អំណោយដល់និស្សិតឡាវ និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ជាសកម្មភាពដ៏មានអត្ថន័យ មនុស្សធម៌ និងមិត្តភាព កម្មវិធីគ្រួសារវៀតណាមជួយទំនុកបម្រុង និងទទួលកូនធម៌ជានិស្សិតឡាវ និងកម្ពុជា ដែលសិក្សា និងរស់នៅក្នុងប្រទេសវៀតណាមបាននិងកំពុង និងនឹងទទួលបានការចាប់អារម្មណ៍ ការគាំទ្រ និងការពួតដៃគ្នាដើម្បីអនុវត្តពីសហគមន៍៕

បកប្រែដោយ Huyen Trang