កងទ័ពព្រះ

បន្ទាប់ពីជ័យជំនះដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកសង្គ្រោះជាតិ ប្រទេសជិតខាងវៀតណាម និងកម្ពុជាសុទ្ធតែមានសេចក្តីប្រាថ្នាចង់បានរស់នៅក្នុងសន្តិភាព ឯករាជ្យជាតិ និងសេរីភាព ដើម្បីព្យាបាលរបួសនៃសង្គ្រាម កសាង និងអភិវឌ្ឍប្រទេសប្រកបដោយរុងរឿង និងសុខុមាលភាព។ ក៏ប៉ុន្តែក្រោយពីបានឡើងកាន់អំណាចនៅកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៧៥ បក្ខពួកប្រតិកិរិយា ប៉ុល ពត បានអនុវត្តនយោបាយក្នុងប្រទេស និងក្រៅប្រទេសដ៏សាហាវឃោរឃៅបំផុត។ ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ (ពីខែមេសាឆ្នាំ ១៩៧៥ ដល់ចុងឆ្នាំ ១៩៧៨) បក្ខពួក ប៉ុល ពត បានសម្លាប់ប្រជាជនស្លូតត្រង់ជិត ៣ លាននាក់។ ទន្ទឹមនឹងនោះ ប៉ុល ពត ក៏បានបញ្ជូនកងទ័ពចូលលុកលុយព្រំដែនភាគនិរតីនៃប្រទេសវៀតណាមដោយបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់ដែលភាគច្រើនជាមនុស្សចាស់ ស្ត្រី និងកុមារ ថែមទាំងបានដុតបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាជនយ៉ាងសន្ធឹកសន្ធាប់ទៀតផង…។

នៅចំពោះមុខរាល់សកម្មភាពធ្វើការឈ្លានពាន ការកាប់សម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃដែលមិនអាចលើកលែងបាននោះ ទោះបីជាមិនទាន់ជំនះផុតពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមក៏ដោយ ក៏ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបានប្តេជ្ញាចិត្តប្រកៀកស្មាគ្នាជាមួយប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនឹងពួកខ្មែរក្រហម។ អនុវត្តសិទ្ធិការពារខ្លួនដ៏យុត្តិធម៌នោះ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជនវៀតណាមបានវាយតបវិញ និងទទួលបានជោគជ័យក្នុងការបណ្តេញកម្លាំង ប៉ុល ពត ចេញពីទឹកដីនៃប្រទេស។ បន្ទាប់មកទៀត ឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តចូលមកជួយប្រជាជនកម្ពុជាផងដែរ។ “នៅពេលដែលប្រជាជនកម្ពុជារងគ្រោះជិតស្លាប់ហើយនោះ ពួកគេបានរួមគ្នាបួងសួងដល់ព្រះទេវតាសូមចុះជួយស្រង់ជីវិតពួកគាត់ ស្របពេលនោះកងទ័ពស្ម័គ្រចិត្តវៀតណាមបានមានវត្តមានទាន់ពេលជួយស្រង់ជីវិតពួកគាត់។ កងទ័ពវៀតណាមគឺជាកងទ័ពរបស់ព្រះ” នេះជាការអះអាងរបស់ថ្នាក់ដឹកនាំកម្ពុជា។

ទោះបីមានការលំបាក ការលះបង់យ៉ាងណាក៏ដោយ ក៏កងទ័ពស្ម័គ្រចិត្តវៀតណាម បានសហការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានរំដោះទាំងស្រុង។ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាត្រូវបានបង្កើតឡើង និងចេញសេចក្តីថ្លែងការណ៍មួយ “លុបចោលទាំងស្រុងនូវរបបប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត បង្កើតឡើងសាធារណរដ្ឋប្រជាមានិតកម្ពុជា”។

មនោសញ្ចេតនាស្ថិតស្ថិរជារៀងរហូត

បន្ទាប់ពីទទួលបានជ័យជំនះ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្តសហការជាមួយកងកំលាំងប្រដាប់អាវុធកម្ពុជាដើម្បីដេញតាមកម្ចាត់កម្លាំងបាក់ទ័ព ប៉ុល ពត ជួយកសាង និងស្តារសេដ្ឋកិច្ចឡើងវិញពីគំនរផេះផងបាក់បែក ដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៨៩ យោងតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ វៀតណាមបានដកកងទ័ពស្ម័គ្រចិត្តទាំងអស់ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ ដោយបំពេញនូវកាតព្វកិច្ចអន្តរជាតិដ៏រុងរឿង។

ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះស្ម័គ្រ ពោរពេញទៅដោយចំណងមេត្រីភាព យុត្តិធម៌របស់វៀតណាម ក្នុងការផ្តួលរំលំរបប ប៉ុល ពត។ យោងតាមការចុះផ្សាយរបស់ Fresh News នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ ក្នុងឱកាសគម្រប់ខួប ៤២ ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឥឡូវនេះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវសារមួយដែលទទួលស្គាល់ពីគុណបំណាច់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា "មហាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយបើកយុគសម័យថ្មីដែលប្រជាជនកម្ពុជាទទួលបានសេរីភាព ហើយមានឱកាសកសាងប្រទេសឡើងវិញ"។

ការពិតបានបង្ហាញឱ្យឃើញថា បន្ទាប់ពីបានបិទបញ្ចប់នូវប្រវត្តិសាស្ត្រដ៏ឈឺចាប់ ខ្មៅងងឹតនោះ ប្រជាជនកម្ពុជាពិតជាត្រូវបានរស់ឡើងវិញ។ សព្វថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលូតលាស់យ៉ាងខ្លាំងក្លា សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សាយ៉ាងរឹងមាំ។ យោងតាមរបាយការណ៍ដែលចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា នៅឆ្នាំ ២០២១ កម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី ៣ នៅអាស៊ានទោះបីមានកំណើនអវិជ្ជមាននៅឆ្នាំ ២០២០ ដោយសារផលប៉ះពាល់ក៏ដោយ។ នៃរោគរាតត្បាត Covid-19។

ជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួម ជាសេចក្តីអំណររួមរបស់ប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ការពារយ៉ាងរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី នៃប្រទេសទាំងពីរ។ កាយវិការបរិសុទ្ធ និងការលះបង់ដ៏ថ្លៃថ្នូរបស់វៀតណាមក្នុងការជួយសង្រ្គោះប្រទេសជាតិទាំងមូលពីការប្រល័យពូជសាសន៍គឺមិនអាចប្រកែកបានទេ។ សាមគ្គីភាពប្រយុទ្ធរវាងវៀតណាម និងកម្ពុជា នឹងត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រ ស្ថិតស្ថិរជារៀងរហូតហើយគ្មានកម្លាំងអមិត្តមួយណាអាចបំភ្លៃការពិតបានឡើយ។

ក្រឡេកមើលពីដំណើរការ ៤២ ឆ្នាំកន្លងមកនេះ យើងមានមោទនភាព និងរីករាយដោយបានឃើញថាទំនាក់ទំនង "អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរជាយូរអង្វែង" រវាងប្រទេសទាំងពីរ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនពូនជ្រំពីជំនាន់មួយទៅជំនាន់មួយ ហើយកំពុងត្រូវបានរក្សាបីបាច់ និងពង្រឹងឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung