ជាពិសេស មានលទ្ធផលការងារមួយដ៏លេចធ្លោគួរឲ្យចាប់អារម្មណ៍របស់យោធាខេត្ត Kien Giang នោះគឺជាជំហានវិវឌ្ឍនៃកិច្ចការបរទេសការពារជាតិ។

leftcenterrightdel
កងទ័ព Kien Giang ជួយត្រួតពិនិត្យសុខភាពជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ

 

លោក វរសេនីយ៍ឯក Le Hoang Vu ប្រធាននយោបាយ នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang  បានឲ្យដឹងថា គណៈកម្មាធិការបក្សយោធាខេត្ត  Kieng Giang បានដឹកនាំ និងបញ្ជាយ៉ាងដិតដល់ចំពោះការឃោសនា ការអប់រំដល់កម្មាភិបាល យុទ្ធជន និងប្រជាជនក្នុងខេត្តឲ្យបានយល់ជ្រាបអំពីបញ្ហាទឹកដី បទបញ្ញត្តិព្រំដែន និងឯកសារស្របច្បាប់នានាដែលទាក់ទងនឹងព្រំដែន វៀតណាម - កម្ពុជា។ ដោយឈរលើមូលដ្ឋាននោះ កិច្ចការបរទេសការពារជាតិបានផ្តោតសំខាន់លើរាល់សកម្មភាពនៃការផ្លាស់ប្តូរ ការជួបប្រាស្រ័យទាក់ទងគ្នា  ការអនុវត្តរបបប្រជុំជាប្រចាំយ៉ាងទៀងទាត់តាមគ្រប់ជាន់ថ្នាក់ និងការផ្លាស់ប្តូរព័ត៌មានដោយផ្ទាល់ជាមួយភាគីកម្ពុជាតាមរយៈបណ្តាញទូរស័ព្ទបន្ទាន់ជាដើម។ “យើងខ្ញុំបានបញ្ជាឲ្យគ្រប់អង្គភាពកងទ័ពចំណុះដែលឈរជើងនៅតាមខ្សែព្រំដែនឲ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្រប់កងកំលាំង ស្ថាប័នមានសមត្ថកិច្ចធ្វើការល្បាត និងគ្រប់គ្រងព្រំដែនបានល្អ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងការពារព្រំដែននៃប្រទេសមិត្តកម្ពុជាយ៉ាងជិតស្និទ្ធទៀតផង។ អាស្រ័យហេតុនេះ បានរកឃើញ និងដោះស្រាយរាល់ករណីស្មុគស្មាញជាច្រើនបានទាន់ពេលវេលា រារាំងទប់ស្កាត់បានរាល់ការប៉ុនប៉ង ឧបាយកល ការឃុបឃិតធ្វើសកម្មភាពប្រឆាំងនឹងបក្ស និងរដ្ឋពីកម្លាំងអមិត្តដើម្បីបង្កលក្ខណៈអំណោយផលដល់ប្រជាជនទាំងសងខាងអាចឆ្លងព្រំដែនជួបសួរសុខទុក្ខ និងផ្លាស់ប្តូរពាណិជ្ជកម្មគ្នា។ នេះជាការអះអាងបញ្ជាក់ពីលោក Le Hoang Vu។

ជាពិសេស បញ្ជាការដ្ឋានយោធាខេត្ត  Kien Giang និងបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ បានរៀបចំការផ្លាស់ប្តូរទស្សនកិច្ច និងក្រុមការងារជាទៀងទាត់ រួមគ្នាពិភាក្សា និងរកដំណោះស្រាយលើរាល់បញ្ហាដែលទាក់ទងទៅនឹងសន្តិសុខនៅតាមខ្សែព្រំដែន រាល់បញ្ហាជម្លោះនេសាទ បញ្ហាពាក់ព័ន្ធនឹងសំណង់នានានៅតំបន់ព្រំដែន និងការខណ្ឌសីមា និងបោះបង្គោលព្រំដែន។ បច្ចុប្បន្ននេះ ព្រំប្រទល់រវាងខេត្ត Kien Giang និងកំពត បានបោះបង្គោលព្រំដែនចំនួន ២៣/២៨ ដោយបញ្ចប់ការបោះបង្គោលព្រំដែន ២ ភាគ ៣ នៃខ្សែព្រំដែនរវាងខេត្តទាំងពីរ។ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ បញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានជួយពិនិត្យ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា ជាង ២,៥០០ នាក់ដោយបានចំណាយថវិកាអស់ជាង ៥០០ លានដុង។ ជាពិសេស ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ Covid-19 កន្លងមក យោធាខេត្ត Kien Giang បានសហការជាមួយបណ្តាស្ថាប័ន អង្គការមហាជនជាច្រើនក្នុងខេត្ត Kien Giang ជួយឧបត្ថម្ភថវិកា និងសម្ភារៈវេជ្ជសាស្ត្រ ដែលមានតម្លៃជាង ៤០០ លានដុង ជូនខេត្ត កំពត កែប កោះកុង ខេត្តព្រះសីហនុ … ផ្ទុយទៅវិញ បណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ក៏បានគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ក្រុម K92 ដើម្បីបំពេញភារកិច្ចស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ចំនួន ២១០ នាក់ដែលបានពលីក្នុងសង្គ្រាមនៅកម្ពុជា។

នាពេលថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ដ Kien Giang លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពត បានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងស្អិតរមួតរវាងកងកំលាំងប្រដាប់អាវុធនៃខេត្ដកំពត និងខេត្ដ Kien Giang ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ តាមរយៈការប្រជុំ ការផ្លាស់ប្តូរ ការជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តការងារ និងសកម្មភាពប្រកបដោយអត្ថន័យនានា បានរួមចំណែកជួយប្រជាជនកម្ពុជាកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ។ ហើយមនោសញ្ចេតនានោះ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពត មិនអាចបំភ្លេចបានឡើយ"៕

បកប្រែដោយ Minh Trung