សកម្មភាពមានអត្ថន័យជាច្រើន

ទោះបីត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៧ និង ២៨ សីហា ប៉ុន្តែមុននោះចាប់ពីថ្ងៃទី ២២ សីហា សកម្មភាពជាច្រើននៅខាងក្រៅព្រឹត្តិការណ៍ជួបជុំប្រាស្រ័យព្រំដែនមិត្តភាពត្រូវបានធ្វើឡើងនៅបណ្តាទីតាំងនានានៅតំបន់ព្រំដែននៃខេត្ត An Giang វៀតណាម និងខេត្តចំនួនពីរគឺខេត្តតាកែវ និងកណ្តាល កម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាជូនអំណោយឲ្យកម្លាំងនៃប្រទេសទាំងពីរ

 

នៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញទៅដោយចំណងមិត្តភាព រាល់សកម្មភាពផ្លាស់ប្តូរវប្បធម៌និងកីឡាត្រូវបានចូលរួមយ៉ាងក្លៀវក្លាពីសំណាក់មន្រ្តី កម្មាភិបាល ប្រជាជន និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ លើសពីនេះ អាជ្ញាធរមូលដ្ឋាន និងគ្រប់កម្លាំង នៃខេត្តទាំងពីរគឺខេត្តតាកែវ និងកណ្តាល ក៏បានបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងអង្គការនានានៃស្រុក Tinh Bien និងក្រុង Chau Doc បានអនុវត្តនូវរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបជុំប្រាស្រ័យព្រំដែនមិត្តភាព។ ជាពិសេសគួរឲ្យចាប់អារម្មណ៍គឺរាល់សកម្មភាពដូចជា៖ ការពិនិត្យព្យាបាលជំងឺ ការផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនជាង ១,០០០ នាក់នៅតំបន់ព្រំដែន បានផ្តល់គោពូជចំនួន ៦០ ក្បាលដើម្បីជួយប្រជាជន លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការផ្តល់អាហារូបករណ៍ "ផ្តល់ជំនួយឲ្យកុមារទៅសាលារៀន" ដល់សិស្សានុសិស្សចំនួន ៣០ នាក់ដែលមានស្ថានភាពជួបការលំបាកដែលទទួលបានលទ្ធផលសិក្សាល្អប្រសើរ...

នាព្រឹកថ្ងៃទី ២៨ សីហា នៅផ្ទះវប្បធម៌មិត្តភាពព្រំដែនកម្ពុជា-វៀតណាម ជាអំណោយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនប្រជាជនភូមិ Xuan Binh (ទីរួមខេត្ត Tinh Bien ស្រុក Tinh Bien ខេត្ត An Giang) និងភូមិតារុង (ឃុំភ្នំដិន) ស្រុកគីរីវង្ស ខេត្តតាកែវ) ត្រូវបានសម្ពោធជាផ្លូវការដោយសេចក្តីរីករាយរបស់ប្រជាជននៅតាមព្រំដែនទាំងសងខាង។ មានផ្ទះវប្បធម៌ធំទូលាយស្អាត ប្រជាជន និងអាជ្ញាធរទាំងសងខាងមាន “កន្លែងណាត់ជួបគ្នា” ដើម្បីជួបគ្នាកាន់តែញឹកជាង។ ភូមិ Xuan Binh និងភូមិតារឹងត្រូវបានចងសម្ព័ន្ធមេត្រីភាពអស់រយៈពេល ៥ ឆ្នាំហើយ ដែលមានមនុស្សជាច្រើនលេងជាមួយគ្នាជិតស្និទ្ធដូចជាបងប្អូនក្នុងផ្ទះអញ្ចឹង។

នៅក្នុងកម្មវិធីជួបជុំប្រាស្រ័យព្រំដែនមិត្តភាព និងសម្តែងសិល្បៈ ដែលបានប្រារព្ធធ្វើឡើងនៅក្រុង Chau Doc កាលពីរាត្រីថ្ងៃទី ២៧ ខែសីហា លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា៖ ទំនាក់ទំនងជិតស្និទ្ធសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក រវាងអាជ្ញាធរដែនដី និងប្រជាជននៃខេត្តទាំងពីរតាកែវ -  An Giang ត្រូវបានពូនជ្រំ យកចិត្តទុកដាក់ និងអភិវឌ្ឍដោយឥតឈប់ឈរ ភាគីទាំងពីរសហការគ្នាដើម្បីអភិវឌ្ឍលើវិស័យជាច្រើនដូចជាសុខភាព អប់រំ កសិកម្ម និងពាណិជ្ជកម្ម។ ខេត្តតាកែវតែងតែសហការល្អជាមួយខេត្ត An Giang ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីនៅកម្ពុជា។ ទន្ទឹមនឹងនេះត្រូវបន្តចលនាប្រជាពលរដ្ឋឱ្យព្រមព្រៀងគ្នាលើការបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនរវាងខេត្តទាំងពីរ។

leftcenterrightdel
កងកម្លាំងនៃប្រទេសទាំងពីរធ្វើការគោរពបង្គោលព្រំដែន

 

ពង្រឹងភាពជឿជាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ

វៀតណាម និងកម្ពុជាមានខ្សែព្រំប្រទល់មានប្រវែងជាង ១,១៣០ គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួន ១០ នៃប្រទេសវៀតណាម និងខេត្តចំនួន ៩ របស់ប្រទេសកម្ពុជា។ យោងតាមស្នងការនយោបាយ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានឱ្យដឹងថា រហូតមកដល់ពេលនេះមានប៉ុស្តិ៍ការពារព្រំដែនចំនួន ២៣ ដែលបានចងសម្ព័ន្ធមេត្រីភាព។ ទំនាក់ទំនងនៃការសម្របសម្រួលការងាររវាងបណ្តាកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ភាគីទាំងពីររៀបចំការប្រជុំពិភាក្សាគ្នាជាទៀងទាត់អំពីស្ថានភាព និងពិនិត្យ វាយតំលៃលើបញ្ហានានាទាក់ទងនឹងអធិបតេយ្យភាព និងសន្តិសុខសណ្តាប់ធ្នាប់ព្រំដែនតាមស្មារតីសាមគ្គីភាព មិត្តភាព ជឿជាក់ និងយោគយល់គ្នា។

នៅក្នុងសន្និសីទស្តីពីការសម្របសម្រួលការគ្រប់គ្រង ការការពារព្រំដែន និងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែនវៀតណាម - កម្ពុជា ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបជុំប្រាស្រ័យព្រំដែនមិត្តភាព ក្នុងនាមតំណាងឲ្យបណ្តាកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកងយោធពលខេមរភូមិន្ទសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ម្ចាស់ផ្ទះវៀតណាមសម្រាប់គណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះលោកបានមានប្រសាសន៍ថា កម្មវិធីជួបជុំប្រាស្រ័យព្រំដែនមិត្តភាពរវាងកម្ពុជា - វៀតណាម ថ្នាក់បញ្ជាការដ្ឋានក្នុងឆ្នាំ ២០១៩ គឺកើតចេញពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកងកម្លាំងទាំងពីរទទួលបន្ទុកភារកិច្ចគ្រប់គ្រងនិងការពារព្រំដែននៃប្រទេសទាំងពីរ  ហើយក៏ទទួលបានការស្វាគមន៍គាំទ្រពីប្រជាជនទាំងសងខាងនៃព្រំដែនផងដែរ។

បង្ហាញនូវក្តីរីករាយចំពោះលទ្ធផលល្អដែលភាគីទាំងពីរទទួលបាន ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈ កិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការបង្ក្រាបបទឧក្រិដ្ឋដែលកើតឡើងនៅតាមព្រំដែនដូចជា៖ ការដឹកជញ្ជូនខុសច្បាប់ គ្រឿងញៀន ផលអនុផលព្រៃឈើ កសិផល អាវុធ និងការស៊ើបអង្កេត ការទប់ស្កាត់ ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង... លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ទៀតថា នៅពេលខាងមុខកម្លាំងទទួលបន្ទុកការគ្រប់គ្រង និងការពារព្រំដែនកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្លាំងវៀតណាមក្នុងការគ្រប់គ្រងការពារព្រំដែន និងបង្ក្រាបបទឧក្រិដ្ឋ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនសង្ខាងព្រំដែនក្នុងការធ្វើពាណិជ្ជកម្ម និងចូលរួមកសាងព្រំដែន ដែលមានការអភិវឌ្ឍកាន់តែខ្លាំងឡើ

លោកឧត្តមសេនីយ៍ទោ  Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែននៃកងទ័ពប្រជាជនវៀតណាមបានមានប្រសាសន៍ថា៖ កម្មវិធីជួបជុំប្រាស្រ័យព្រំដែនមិត្តភាពរវាងកម្ពុជា - វៀតណាមក្នុងឆ្នាំ ២០១៩ មានជំហានអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតដែលមានការចូលរួមពីគ្រប់កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានកៀរគរប្រជាជន អាជ្ញាធរនៃខេត្ត  An Giang ខេត្តតាកែវ ខេត្តកណ្តាលចូលរួម។ រាល់សកម្មភាពនេះគឺសុទ្ធតែមានគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងខិតខំកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព អភិវឌ្ឍន៍ និងជាគំរូល្អ៕

បកប្រែដោយ Minh Trung