អាវពេទ្យនៅតំបន់ព្រំដែន

ក្នុងរយៈពេលជាច្រើនឆ្នាំដែលផ្សាភ្ជាប់ជាមួយ​អាវពេទ្យនៅតំបន់ព្រំដែនដាច់ស្រយាល ចំពោះលោកអនុសេនីយ៍ឯកបម្រុង Phan Dinh Chien អនុប្រធានគិលានដ្ឋានកងទ័ព-ប្រជាជន Dinh Ba ក្ដីអំណរដ៏ធំធេងបំផុតនោះគឺបានបម្រើប្រជាជន។ ធ្វើជាគ្រូពេទ្យជាច្រើនឆ្នាំក្នុងកងទ័ពការពារព្រំដែន គាត់ចាំមុខ ចាំឈ្មោះ និងដឹងពីជំងឺរបស់ប្រជាជនម្នាក់ៗនៅពេលមកពិនិត្យជំងឺ។ ហើយមានរឿងរ៉ាវជាច្រើននៅក្នុងអាជីពជាគ្រូពេទ្យរបស់គាត់ដែលគាត់មិនអាចបំភ្លេចបានឡើយ។ គាត់នៅចាំបានថា "ពេលមួយ ខ្ញុំឃើញលោកតាកម្ពុជាម្នាក់មកវៀតណាម ប៉ុន្តែគាត់ដួលសន្លប់នៅផ្សារ។ ខ្ញុំបានប្រញាប់បញ្ជូនគាត់ទៅគិលានដ្ឋានដើម្បីជួយសង្គ្រោះបន្ទាន់។ ចាប់តាំងពីពេលនោះមក រាល់ពេលដែលមានឱកាសមកវៀតណាមគឺគាត់នឹងមកគិលានដ្ឋានដើម្បីសួរសុខទុក្ខខ្ញុំ។

leftcenterrightdel
គ្រូ​ពេទ្យ​នៅ​គិលានដ្ឋានកងទ័ព-ប្រជាជន Dinh Ba ពិនិត្យសុខភាពឲ្យប្រជាជនឃុំបន្ទាយចក្រី

ចំណែកអ្នកគ្រូពេទ្យ Nguyen Thi My Chau ដែលបានកើត និងធំដឹងក្តី ហើយផ្សាភ្ជាប់អស់រយៈពេលជាច្រើនទសវត្សរ៍ជាមួយប្រជាជននៅឃុំ Tan Ho Co ក៏មិនចង់ចាកចេញពីតំបន់នេះដែរ។ អ្នកគ្រូពេទ្យ My Chau បានចែករំលែកថា "ទោះបីខ្ញុំដឹងថា បើមកទីនេះធ្វើការគឺនឹងជួបប្រទះការខ្វះខាតនូវគ្រឿងបរិក្ខាពេទ្យ ក៏ប៉ុន្តែបានបម្រើឱ្យប្រជាជននៅស្រុកកំណើតរបស់ខ្លួនគឺជាសុភមង្គលហើយ។ ប្រជាជនគ្រប់រូបដែលមកពិនិត្យជំងឺ ភាគច្រើនគឺមានតែជម្ងឺជាទូទៅដូចជា ផ្តាសាយ ក្អក សម្ពាធឈាម ទឹកនោមផ្អែម ឈឺក្រពះ ឬរលាកច្រមុះ និងបំពង់កជាដើម ឯករណីដែលមានជំងឺធ្ងន់ធ្ងរយើងខ្ញុំនឹងផ្តល់យោបល់ឲ្យទៅមន្ទីរពេទ្យបង្អែក។ ដោយ​មាន​ចំណេះដឹងអំ​ពី​វិជ្ជាជីវៈខ្ញុំបានផ្តល់យោបល់ឲ្យប្រជាជនជ្រើសរើសកន្លែងពិនិត្យ និងព្យាបាលត្រឹមត្រូវដែលវានឹងជួយឱ្យពួកគេអស់ចំណាយតិច ឬនៅពេលដែលប្រជាជនត្រឡប់មកពីការទៅពិនិត្យនៅមន្ទីរពេទ្យមកវិញ បើមានសំណួរអ្វីទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យដែលពួកគេយកមកសួរគឺខ្ញុំនឹងជួយពន្យល់ឲ្យដែរ។  ការផ្តល់យោបល់ឲ្យពួកគេយល់ច្បាស់ពីស្ថានភាពជំងឺ និងសុខភាពរបស់ខ្លួនគឺជាការចាំបាច់សម្រាប់ប្រជាជននៅតាមតំបន់ព្រំដែន"។ ដោយមានភាពរួសរាយរាក់ទាក់ និងមានការយកចិត្តទុកដាក់ក្នុងការងារ គាត់ទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីប្រជាជន។

អាស័យដ្ឋានដែលអាចទុកចិត្តបានរបស់អ្នកជំងឺ

តាំងពីព្រឹកព្រលឹម គិលានដ្ឋានកងទ័ព-ប្រជាជន Dinh Ba មានមនុស្សមកពិនិត្យជម្អឺហើយ។ “តើលោកយាយឈឺខ្នងធូរស្បើយដែរឬទេ? តើលោកមានអារម្មណ៍យ៉ាងមេ្តចដែរ?"។ គ្រូពេទ្យសាកសួរអំពីសុខភាពរបស់មនុស្សម្នាក់ៗដោយម៉ត់ចត់។ លោកអនុសេនីយ៍ឯកបម្រុង Phan Dinh Chien អនុប្រធានគិលានដ្ឋានឲ្យដឹងថា ពិនិត្យជំងឺឲ្យប្រជាជននៅទីនេះ យូៗទៅ ចាំមុខ ដឹងជំងឺរបស់ប្រជាជនម្នាក់ៗហើយ ព្រមទាំងបានធ្វើការនៅទីនេះអស់រយៈពេលជាយូរមកហើយ ប្រជាជន និងកងទ័ពមានភាពជិតស្និទ្ធនឹងគ្នាណាស់”

បងស្រី Rut Kia ជាជាប្រ​ជាជនម្នាក់នៅឃុំបន្ទាយចក្រីដែលកូនរបស់គាត់មានជំងឺរលាកផ្លូវដង្ហើម ហើយបងស្រីគាត់ថា គ្រួសារគាត់ក្រីក្រគ្មានលុយដើម្បីទៅពិនិត្យនៅគ្លីនិកឯកជនទេ ដូច្នេះក្នុងគ្រួសារគាត់ឲ្យតែអ្នកណាមានជំងឺក៏ទៅព្យាបាលនៅគិលានដ្ឋាននេះដែរ។ "កូនខ្ញុំគ្រុនក្តៅ ខ្ញុំយកវាមកទីនេះ គ្រូពេទ្យជួយព្យាបាលរហូតដល់ពេលកូនខ្ញុំជាសះល្បើយឡើងវិញ ប៉ុន្តែគ្រូពេទ្យយកតែ ២០,០០០ ដុងប៉ុណ្ណោះ។ ដោយបានពិនិត្យដោយគ្រូពេទ្យវៀតណាម ខ្ញុំស្ងប់ចិត្តណាស់។ គ្រូពេទ្យវៀតណាមល្អពូកែ មានការយកចិត្តទុកដាក់ដល់អ្នកជំងឺ ហើយពួកគាត់ចេះភាសាខ្មែរទៀត ដូច្នេះពួកគាត់តែងតែជួយណែនាំយ៉ាងម៉ត់ចត់ និងឲ្យថ្នាំពេទ្យច្រើនទៀតផង "។

លោកវរសេនីយ៍ឯកបម្រុង Le Van Lam ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba បានមានប្រសាសន៍ថា រាល់សកម្មភាពពិនិត្យសុខភាព និងព្យាបាលជំងឺឲ្យប្រជាជនកម្ពុជា​នៅគិលានដ្ឋានកង​ទ័ព​-ប្រជា​ជន​ Dinh Ba យើងខ្ញុំបានជួយព្យាបាលជម្ងឺទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាក្រីក្រ។ ទន្ទឹមនឹងការពិនិត្យសុខភាព និងការព្យាបាលជម្ងឺឲ្យប្រជាជនកម្ពុជានៅគិលានដ្ឋាន ជារៀងរាល់ឆ្នាំយើងខ្ញុំក៏បានទៅប្រទេសមិត្ត ដើម្បីពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនផងដែរ។ ប្រការនេះបានរួមចំណែកក្នុង​ការ​រឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងស្ថាប័នមានសមត្ថកិច្ច  អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែនវៀតណាម - កម្ពុជា "៕

បក​ប្រែ​ដោយ Duy Hoan