សារអបអរសាទរខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ - ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
សារអបអរសាទរពីគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ មានខ្លឹមសាដូចខាងក្រោម៖
បក្សកុម្មុយនិស្តវៀតណាមគឺជាទង់ដឹកនាំបុព្វហេតុបដិវត្តន៍វីរភាព និងច្នៃប្រឌិត តាមរយៈគោលនយោបាយត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ ហើយបានដឹកនាំប្រជាជនវៀតណាមសម្រេចបាននូវសមិទ្ធផលដ៏រុងរឿងក្នុងការតស៊ូដើម្បីសង្គ្រោះជាតិ សម្រេចបាននូវជ័យជម្នះដ៏អស្ចារ្យ ឆ្ពោះទៅដល់ការរំដោះជាតិ និងការបង្រួបបង្រួមជាតិទាំងស្រុងនៅឆ្នាំ១៩៧៥។ ក្នុងដំណើរការផ្លាស់ប្តូររយៈពេល ៤០ ឆ្នាំកន្លងមក ប្រជាជនវៀតណាមបន្តសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ទូលំទូលាយ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលរួមចំណែកធ្វើឲ្យវៀតណាមមានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ការការពារជាតិនិងសន្តិសុខមានភាពរឹងមាំ កិច្ចសហប្រតិបត្តិការបរទេសត្រូវបានពង្រីក និងតួនាទី និងកិត្យានុភាពរបស់បក្សកុម្មុយនិស្តវៀតណាម និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តែលេចធ្លោនៅក្នុងឆាកតំបន់ និងអន្តរជាតិ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា (ឆ្វេង) និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ថតរូបនៅក្នុងកិច្ចប្រជុំកំពូល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ (រូបថត៖ vnanet.vn) |
បក្សប្រជាជនបដិវត្តន៍ឡាវ និងប្រជាជនឡាវសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងសម្តែងនូវសេចក្តីរីករាយ និងការវាយតំលៃខ្ពស់ចំពោះជ័យជម្នះ និងសមិទ្ធផលដ៏អស្ចារ្យ និងទូលំទូលាយ ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ហើយតែងតែចាត់ទុកសមិទ្ធផលទាំងនេះជាមេរៀនដ៏មានតម្លៃ និងជាការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការអនុវត្តភារកិច្ចយុទ្ធសាស្ត្រនៃការការពារ និងអភិវឌ្ឍប្រទេសឡាវ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក To Lam អគ្គលេខាបក្ស ប្រជាជនវៀតណាមទាំងមូលនឹងសម្រេចបានជ័យជម្នះក្នុងការសម្រេចគោលដៅដែលបានកំណត់ដោយមហាសន្និបាត លើកទី១៤ របស់បក្ស កសាងប្រទេសវៀតណាមសង្គមនិយមដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។
បក្សប្រជាជនបដិវត្តន៍ឡាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃ ធំធេង មានប្រសិទ្ធភាព និងទាន់ពេលវេលា ជូនចំពោះបុព្វហេតុបដិវត្តន៍ឡាវកាលពីមុន និងនាបច្ចុប្បន្ននេះ។ បក្ស រដ្ឋ និងប្រជាជនឡាវ នឹងបន្តសហការជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីថែរក្សា និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងដ៏កម្រមាននេះឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
សារអបអរសាទរពីគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាមានខ្លឹមសារថា៖
គណបក្សប្រជាជនកម្ពុជាវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលវៀតណាមសម្រេចបានក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ជាពិសេសសេដ្ឋកិច្ច និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។
គណបក្សប្រជាជនកម្ពុជាសូមសម្តែងការរីករាយចំពោះការអភិវឌ្ឍដោយឥតឈប់ឈរនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមទិសស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នឹងសម្រេចបានជោគជ័យជាច្រើន ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលើកទី១៤ របស់គណបក្សកុម្មុយនិស្តវៀតណាម។
ជូនពរឱ្យបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំវៀតណាម ទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍប្រទេសក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប មានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសសង្គមនិយមអភិវឌ្ឍន៍ និងមានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕
បកប្រែដោយ Duy Hoan