លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសកម្ពុជា
កប.អនឡាញ - នៅព្រឹកថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងជិតស្និទ្ធ ដែលមានចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមកនេះ ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ ការរក្សាប្រកបដោយប្រសិទ្ធភាពនូវការសន្ទនា ការពិគ្រោះយោបល់ និងការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល ការគ្រប់គ្រង និងការពារព្រំដែន ការផ្លាស់ប្តូរ និងការចងសម្ព័ន្ធមេត្រីភាព ការអប់រំ និងការផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី...
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់ដំណាក់កាល ២០២៥-២០២៩ ផែនការសហប្រតិបត្តិការឆ្នាំ២០២៦ និងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានាពេលកន្លងមកនេះរវាងក្រសួងការពារជាតិទាំងពីរ។
ចំណែកឯលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា កម្ពុជាតែងតែចងចាំជំនួយរបស់វៀតណាមក្នុងបុព្វហេតុរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ជាពិសេសនាយកដ្ឋានទាក់ទងបរទេស ក្នុងការអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងការពារជាតិទាំងពីរ។ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសម្តែងក្តីសង្ឃឹមថា នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការការអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា តាមរយៈនោះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្ថែមទៀត។
ដោយទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាម និងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័នទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ ហើយធ្វើសេនាធិការដោយប្រសិទ្ធភាពដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរលើការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ការអនុវត្តខ្លឹមសារសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិរវាងប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ បន្តចែករំលែកបទពិសោធន៍ បង្កើនការបណ្តុះបណ្តាល និងការបំប៉នជំនាញ ដើម្បីបំពេញតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី...
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ស្ថាប័នទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ដោយរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជា៕
បកប្រែដោយ Thuy Anh