ជួយគាំទ្រ និងចែករំលែកការលំបាកជាមួយប្រជាជនដើមកំណើតវៀតណាមនៅភាគពាយ័ព្យកម្ពុជា
កប.អនឡាញ - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមីនា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំកម្ពុជា និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បំពេញទស្សនកិច្ចនៅបណ្ដាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ដើម្បីជួយឧបត្ថម្ភ និងចែករំលែកជាមួយប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាក ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាជនដើមកំណើតវៀតណាម ដែលរស់នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។
នៅក្នុងជំនួបទាំងឡាយ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ យូរអ្វែងរវាងវៀតណាម និងកម្ពុជា។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានវាយតំលៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា រួមទាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយចាត់ទុកថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ អាស្រ័យហេតុនេះ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសរវាងបណ្ដាខេត្តរបស់វៀតណាម និងខេត្តសៀមរាប និងខេត្តព្រះវិហារ។ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរក៏នៅតែមានសក្ដានុពលជាច្រើនណាស់ ហើយភាគីទាំងពីរគប្បីជំរុញការតភ្ជាប់បន្ថែមទៀត ដើម្បីអភិវឌ្ឍក្នុងវិស័យនេះ។
    |
 |
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ជូនអំណោយដល់ប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកនៅខេត្តសៀមរាប (រូបថត៖ vnanet.vn) |
ធ្វើការជាមួយអាជ្ញាធរនៃខេត្តទាំងពីរ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានថ្លែងអំណរគុណ និងមានបំណងចង់ឲ្យអាជ្ញាធរមូលដ្ឋានបន្តជួយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនដើមកំណើតវៀតណាមនៅមូលដ្ឋានក្នុងការអប់រំ ធ្វើការ និងជួយប្រជាជនមានស្ថិរភាពក្នុងជីវភាពរស់នៅ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនការអប់រំ និងឃោសនាឲ្យយុវជនជំនាន់ក្រោយយល់ច្បាស់អំពីប្រវត្តិនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ជួយឲ្យយុវជនជំនាន់ក្រោយចងចាំជានិច្ច និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព។
    |
 |
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (ស្តាំ) ជួបពិភាក្សាការងារជាមួយលោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ (រូបថត៖ vnanet.vn) |
តំណាងអាជ្ញាធរខេត្តបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាការកសាងប្រទេសកម្ពុជាអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ អាជ្ញាធរនៃខេត្តទាំងពីរក៏បានឯកភាពជាមួយនឹងសំណើរបស់លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តនៃប្រទេសវៀតណាម និងកម្ពុជា ជាពិសេសគឺគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់ទេសចរណ៍ និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំមូលដ្ឋានទាំងពីរ បានឲ្យដឹងថា ស្ថាប័នមានសមត្ថកិច្ចនៃខេត្តទាំងពីរតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមវៀតណាមមានស្ថិរភាពក្នុងការសិក្សា រស់នៅ និងប្រកបអាជីវកម្ម។
ក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខប្រជាជនដើមកំណើតវៀតណាមនៅខេត្តព្រះវិហារ និងខេត្តសៀមរាប លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនក្នុងការរក្សាស្ថិរភាពក្នុងជីវភាពរស់នៅ និងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈនោះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានប្រគល់អំណោយដល់គ្រួសារដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ក្នុងបំណងចង់រួមចំណែកជួយពួកគេមានបុណ្យចូលឆ្នាំថ្មីប្រពៃណីសប្បាយរីករាយជាមួយប្រជាជននៅមូលដ្ឋាន៕
បកប្រែដោយ Thuy Anh