តំណាងគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព។

នៅក្នុងជំនួបទាំងនេះ  ប្រធានគណៈប្រតិភូខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងនៅពេលដែលបានមកសួរសុខទុក្ខ និងជូនពរអាជ្ញាធរ និងប្រជាជនខេត្ត Kien Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ថ្នាក់ដឹកនាំខេត្ត Kien Giang បានថ្លែងអំណរគុណចំពោះប្រធានគណៈប្រតិភូដែលបានមកចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ ហើយទន្ទឹមនឹងនោះក៏បានជូនដំណឹងអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គមនៃខេត្ត Kien Giang ឆ្នាំ ២០២៤។ ថ្នាក់ដឹកនាំខេត្តក៏បានចែករំលែកអំពីស្ថានភាពជីករុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ដោយសង្ឃឹមថា ខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា​បន្តជួយខេត្ត Kien Giang បំពេញការងារនេះបានល្អនាពេលខាងមុខ។

leftcenterrightdel
ទីក្រុង Phu Quoc (ខេត្ដ Kien Giang) គឺជាគោលដៅទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ ( រូបថត៖ VNA)

បន្ទាប់ពីបានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Kien Giang លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពតបានបញ្ជាក់ថា  ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នាពេលខាងមុខ ខេត្តកំពត និងខេត្ត Kien Giang នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលភាគីទាំងពីរមានប្រៀបខ្លាំង។ ទាក់ទិននឹងវិស័យទេសចរណ៍ខេត្តកំពតក្នុងឆ្នាំ២០២៥ លោក ខៀវ រិទ្ធីភណ្ឌ បានជម្រាបជូនថានឹងមានសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍  ព្រមទាំងមានបំណងចង់ថ្នាក់ដឹកនាំខេត្ត Kien Giang បង្កើតលក្ខខណ្ឌឲ្យប្រជាពលរដ្ឋមកទស្សនា និងទេសចរណ៍នៅខេត្តនេះ។

ខណៈដែលលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជូនពរថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជននិងប្រជាពលរដ្ឋខេត្ត Kien Giang ជួបតែសេចក្ដីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច; សូមជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងខេត្តកែប និងខេត្ត Kien Giang ស្ថិតស្ថេរជារៀងរហូត។ អភិបាលខេត្តកែប បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ខេត្តទាំងពីរមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាច្រើន និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ទន្ទឹមនឹងនោះ ខេត្ត Kien Giang បានគាំទ្រទាំងស្មារតី និងសម្ភារៈដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្តកែប។

ជាមួយគ្នានោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជូនពរដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្ត Kien Giang ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងឆ្នាំថ្មី។ សូមជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងខេត្តទាំងពីរកាន់តែជិតស្និទ្ធ។ លោក ឯម ភាព បានជម្រាបជូនអំពី​លទ្ធផលនៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងមានបំណងចង់សហប្រតិបត្ដិការដើម្បីជំរុញការអភិវឌ្ឍន៍លើវិស័យនានាដូចជាចរាចរណ៍ ដឹកជញ្ជូន កសាងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។ល។

ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំខេត្ត Kien Giang និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានប្រពៃណីសាមគ្គីភាពយូរអង្វែងដែលត្រូវបានពូនជ្រំ និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិនីមួយៗ ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធជាប់ព្រំដែនរបស់កម្ពុជា និងខេត្ត Kien Giang បានរៀបចំគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី រួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាពរវាងភាគីទាំងពីរ។

ថ្នាក់ដឹកនាំខេត្ត Kien Giang និងគណៈប្រតិភូទាំងអស់បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរ ស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌-សង្គម សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម…; ពង្រឹងបន្ថែមទៀតនូវរាល់សកម្មភាពមិត្តភាព ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាទទួលបានលទ្ធផលជាច្រើន៕

បកប្រែដោយ Pham Diep