ក្នុងអត្ថបទមួយចេញផ្សាយនាថ្ងៃទី១៨ ខែមករា ក្រោមចំណងជើងថា “GDP របស់វៀតណាមកើនឡើង ៧.០៩% ក្នុងឆ្នាំ២០២៤” របស់កាសែតអេឡិចត្រូនិកថ្មីៗ បានដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាមដោយបញ្ជាក់ថា វៀតណាមសម្រេចបានកំណើន GDP លើសពីគោលដៅដែលរដ្ឋសភាកំណត់ត្រឹម ៦,៥% នាំមុខគឺវិស័យសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។

សារព័ត៌មានកម្ពុជាបានដកស្រង់សម្តីរបស់លោកស្រី Nguyen Thi Huong អគ្គនាយិកានៃអគ្គនាយកដ្ឋានស្ថិតិវៀតណាមថា ទោះបីជារងផលប៉ៈពាល់ពីគ្រោះធម្មជាតិក៏ដោយក៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែសម្រេចបានកំណើន ៣.២៧% ក្នុងឆ្នាំ ២០២៤។ នៅឆ្នាំ២០២៤ វិស័យឧស្សាហកម្ម និងសំណង់មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនបើធៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍មានអត្រាកំណើនខ្ពស់ រួមចំណែកច្រើនបំផុតដល់កំណើន GDP របស់វៀតណាម។

leftcenterrightdel
កាសែតអេឡិចត្រូនិកថ្មីៗ ចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា “GDP របស់វៀតណាមកើនឡើង ៧.០៩% ក្នុងឆ្នាំ២០២៤” (រូបថត៖ vnanet.vn)

យោងតាមកាសែតថ្មីៗ GDP របស់វៀតណាមក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ បានកើនឡើង ៧.៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាអត្រាកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទដែល GDP របស់វៀតណាមនៅឆ្នាំ២០២៣ សម្រេចបាន ៥.០៥%។ នៅក្នុងសារជូនពរឆ្នាំថ្មី២០២៥ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានប្តេជ្ញាថា វៀតណាមគ្រោងសម្រេចគោលដៅកំណើន GDP ឲ្យបាន ៨% នៅឆ្នាំ២០២៥ និងជំរុញកំណើនពីរខ្ទង់ចាប់ពីឆ្នាំ២០២៦។

សូមរំលឹកថា គេហទំព័រព័ត៌មានកម្ពុជា SBM.News ក៏បានផ្ដល់ព័ត៌មានអំពីកំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២៤ ហើយបានចាត់ទុកថា "ការសន្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺអាស្រ័យទំហំនៃការនាំចេញ និងលំហូរទុនវិនិយោគពីបរទេស"។ នៅក្នុងអត្ថបទមួយក្រោមចំណងជើងថា "GDP របស់វៀតណាមកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានជាង ៧% នៅឆ្នាំ២០២៤" SBM.News បានវាយតម្លៃថា "វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំនៅក្នុងតំបន់ និងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការប្រើប្រាស់នៅទូទាំងពិភពលោក ទោះបីជាត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីព្យុះពីឆ្នាំមុនក៏ដោយ”។

យោងតាមអត្ថបទមួយនេះ ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ២០២៤ សម្រេចបានអត្រាកំណើនដ៏គួរឲ្យចាប់អារម្មណ៍ ១៤.៣% បើធៀបនឹងឆ្នាំ ២០២៣ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបចំនួន ៤០៥.៥៣ ពាន់លានដុល្លារអាមេរិក។ មុខទំនិញនាំចេញសំខាន់ៗរបស់វៀតណាមរួមមាន អេឡិចត្រូនិក ស្មាតហ្វូន សម្លៀកបំពាក់ និងផលិតផលកសិកម្ម។ ទំហំនៃការនាំចូលរបស់វៀតណាមក្នុងឆ្នាំ២០២៤ ក៏បានកើនឡើង ១៦.៧% ដែលសម្រេចបាន ៣៨០.៧៦ ពាន់លានដុល្លារអាមេរិក។ អាស្រ័យហេតុនេះ វៀតណាមបន្តរក្សាអតិរេកពាណិជ្ជកម្ម ២៤.៧៧ ពាន់លានដុល្លារអាមេរិក។

ប្រព័ន្ធសារព័ត៌មានកម្ពុជាបានចាត់ទុកថា ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំមុនក៏ត្រូវបានគាំទ្រដោយការបង្កើនការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតថាមពលរបស់រដ្ឋាភិបាលក្នុងបំណងធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព៕

បកប្រែដោយ Thuy Anh