leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man

ចូលរួមគណៈប្រតិភូរួមមាន៖ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី; លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា; លោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា; លោកឧត្តមសេនីយ៍ឯក Vu Hai San អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ឯក Tran Quoc To អនុរដ្ឋមន្ត្រីក្រសួងនគរបាល; លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស; លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។ល។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភា Tran Thanh Man គ្រោងនឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា; ជួបសវនាការ ជួបសម្តែងការគួរសម និងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់កម្ពុជា; ទៅសួរសុខទុក្ខអតីតថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់កម្ពុជា; ទទួលជួបថ្នាក់ដឹកនាំស្ថាប័នមួយចំនួនរបស់កម្ពុជា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា Tran Thanh Man គ្រោងនឹងចូលរួមពិធីសម្ពោធអគាររដ្ឋបាលរដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម; ដាក់កម្រងផ្កានៅវិមានឯករាជ្យ ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងស្តូបព្រះបរមរតនកោដ្ឋ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា Tran Thanh Man ក៏នឹងជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងអាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅកម្ពុជា និងចូលរួមសកម្មភាពមួយចំនួនទៀត៕

បកប្រែដោយ Huyen Trang