ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងវៀតណាម និងកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១ ខែវិច្ឆិកា លោកស្រី Nguyen Thi Kim Chi អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានទទួលជួបគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
ដោយទទួលស្វាគមន៍គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោកស្រី Nguyen Thi Kim Chi បានឲ្យដឹងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងប្រពៃណីល្អ ក្នុងរយៈពេលដ៏យូរអង្វែង។
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរតែងតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសម្រេចកំណត់មួយក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
|
|
លោកស្រី Nguyen Thi Kim Chi ទទួលជួបលោក ជួន ជីវិន (រូបថត៖ giaoducthoidai.vn) |
លោកស្រី Nguyen Thi Kim Chi បានស្នើថា ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានៅឆ្នាំ ២០២១ ព្រមទាំង លើកឡើងដំណោះស្រាយដើម្បីលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលនាពេលខាងមុខ ហើយអះអាងថា វៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់និស្សិតកម្ពុជាក្នុងការសិក្សានៅវៀតណាម។ នាពេលខាងមុខ ក្រៅពីអាហារូបករណ៍របស់រដ្ឋាភិបាល សាកលវិទ្យាល័យ និងខេត្តជាច្រើនក្នុងប្រទេសវៀតណាមបាន និងនឹងបន្តផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជាមកសិក្សានៅប្រទេសវៀតណាម។ ភាគីវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការជំរុញការបង្រៀន និងរៀនភាសាវៀតណាមនៅកម្ពុជា។
តាងនាមគណៈប្រតិភូ លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចការងារនៅក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូជាការបង្រៀន ការគ្រប់គ្រង និងការថែទាំរបស់សាលាវៀតណាមសម្រាប់និស្សិតកម្ពុជា។
លោក ជួន ជីវិន បានឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣ មក និស្សិតវៀតណាមប្រមាណ ៥០០ នាក់ បានមកសិក្សានៅកម្ពុជា ក្លាយជាស្ពានរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងមក លោក To Lam អគ្គលេខាបក្ស បានបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh