នៅក្នុងជំនួបនេះ លោក Nguyen Trong Nghia បានសម្តែងនូវមោទនភាពចំពោះប្រពៃណីកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមករវាងបក្ស រដ្ឋ និងប្រជាជនវៀតណាមនិងកម្ពុជាក្នុងការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍របស់ប្រទេសនីមួយៗនាពេលបច្ចុប្បន្ន។ រួមទាំងការរួមចំណែកយ៉ាងធំធេងរបស់អតីតយុទ្ធជនដែលប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធដើម្បីគោលដៅរួមរំដោះជាតិ ដណ្ដើមឯករាជ្យ និងសេរីភាពជូនប្រទេសជាតិឡើងវិញ។

leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិមទទួលជួបលោកនាយឧត្តមសេនីយ៍ គន់ គីម (រូបថត៖ nhandan.vn)

លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងសកម្មរបស់ភាគីកម្ពុជាក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ ការ យកចិត្ដទុកដាក់និងបង្កលក្ខខណ្ឌអំណោយផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់សម្រាប់ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ព្រមទាំងគាំទ្រនិងដោះស្រាយការលំបាក និងឧបសគ្គសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកបានអះអាងថា វៀតណាមជានិច្ចកាលឲ្យតម្លៃលើទំនាក់ទំនងប្រពៃណី សាមគ្គីភាពរវាងប្រទេសទាំងពីរ ហើយតែងតែផ្តល់អាទិភាពដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា។ វៀតណាមនឹងខិតខំអស់ពីសមត្ថភាពដើម្បីចូលរួមជាមួយកម្ពុជាក្នុងការការពារ និងពូនជ្រំទំនាក់ទំនងវៀតណាមនិងកម្ពុជា​លើគ្រប់វិស័យឲ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងមានប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំគណៈឃោសនាអប់រំមជ្ឈិម និងគណៈកម្មាធិការបក្សខេត្ត Tay Ninh ចំពោះគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា។ លោកនាយឧត្តមសេនីយ៍ គន់ គីម បានសម្តែងនូវការគោរព និងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតសម្រាប់ការបាត់បង់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។ 

គណៈប្រតិភូបានស្មឹងស្មាធិ៍មួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយ​និស្ត​វៀតណាម។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា កម្ពុជាចងចាំជានិច្ច ដឹងគុណចំពោះការសហការ និងជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាក្នុងការតស៊ូរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌសម្រាប់សមាគមអតីតយុទ្ធជននៃប្រទេសទាំងពីររៀបចំសកម្មភាពផ្លាស់ប្តូរ សំដៅពង្រឹងសាមគ្គីភាព ចំណងមិត្តភាព និងរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Pham Diep