ថ្លែងក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានជំនះរាល់បញ្ហាប្រឈមនានា និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យជាច្រើនដូចជា នយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងវប្បធម៌ ការអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រសួង មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា (ឆ្វេង) និងលោក អុឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេសក្នុងជំនួបនេះ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសម្តែងនូវជំនឿជាក់ថា នាពេលខាងមុខ ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកំពស់កិត្យានុភាពរបស់ប្រទេសទាំងពីរលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាពេលថ្មីៗនេះ ដែលតែងតែជួយគាំទ្រស្ថានទូត និងស្ថាប័នអមស្ថានទូតបំពេញ​ភារកិច្ចបានល្អ ទន្ទឹមនឹងនោះ មានបំណងចង់ទទួលបានជំនួយ និងការគាំទ្រដើម្បីបន្តបំពេញភារកិច្ចបានល្អនាពេលអនាគត។

រីឯខ្លួនវិញ លោក អុឹង រចនា បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang និងគណៈប្រតិភូដែលបានមកអបអរសាទរក្នុងឱកាសបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងអបអរសាទរចំពោះសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។ លោកបានអះអាងថា វៀត​ណាមចូលរួមយ៉ាងសកម្ម និងដើរតួនាទីកាន់តែកើនឡើងក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើពិភព​លោក។

លោករដ្ឋលេខាធិការ អុឹង រចនា បានសម្តែងការឯកភាពជាមួយមតិរបស់លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អំពីការជំរុញកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ ដើម្បីឈ្នះរាល់ឧបាយកលនៃកម្លាំងអរិភាពបំផ្លិចបំផ្លាញប្រទេសនីមួយៗ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពថា ភាគីទាំងពីរនឹងបន្តរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

លោករដ្ឋលេខាធិការ អុឹង រចនា បានអះអាងថា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជាសម្រេចបានភារកិច្ចប្រកបដោយជោគជ័យ។

នាពេលខាងមុខ លោករដ្ឋលេខាធិការ អុឹង រចនា បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលរៀបចំបានល្អនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជារៀបចំកិច្ចប្រជុំលើកទី XXI នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសនៅកម្ពុជា៕

បកប្រែដោយ Pham Diep