យោងទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងភ្នំពេញ ក្នុងអត្ថបទមួយមានចំណងជើងថា "ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវឈរលើគោលការណ៍ភាពអ្នកជិតខាងល្អ" អ្នកស្រាវជ្រាវមកពី RAC ឲ្យដឹងថា រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូតកម្ពុជា-វៀតណាមត្រូវបានបង្កើតឡើងជាផ្លូវការក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកហើយ។  ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ មានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១,២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈ​លើបញ្ហាតំបន់និងអន្តរជាតិដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរ គឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រំ។

leftcenterrightdel
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ចំពោះមុខបរិបទផ្ទៃក្នុងនិងខាងក្រៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន។ កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិង​វៀត​ណាមចំពោះគ្នាទៅវិញទៅមក បានរំលេចឱ្យឃើញនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កម្ពុជា និងវៀតណាមបានពូនជ្រំមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តខាងផ្នែកនយោបាយស៊ីជម្រៅនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍរីកចម្រើនលើវិស័យជាច្រើន ហើយប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជា និងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-វៀតណាមបន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគីនិងពហុភាគី និងមានភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសាកល ពង្រីកទំនាក់ទំនងនៅគ្រប់កម្រិតនិងគ្រប់វេទិកា និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរអាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិនិងកម្រិត​សាកល។

ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យឃើញនូវការប្តេជ្ញាចិត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីមួយទៀតដែលនាំមកនូវផលប្រយោជន៍ពិត​​ប្រាកដសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរក្សាគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អជាមួយវៀតណាម និងប្រទេសជិតខាងផ្សេងទៀត។ ក្នុងទស្សនទានកម្ពុជា ភាពជាអ្នកជិតខាងល្អគឺជាយន្ដការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិជិតខាងគ្នានិងជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាពជាអ្នកជិតខាងល្អគឺជាមូលដ្ឋានគ្រឹះសម្រាប់សន្ដិសុខតំបន់​ និងពិភពលោក។

ដោយឈរលើគោលការណ៍និងទស្សនទានខាងលើ គោលនយោបាយការបរទេសកម្ពុជាចំពោះវៀតណាមគឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាងមិត្ដភាពជិតស្និទ្ធជាប្រពៃណី ការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការដោះស្រាយបញ្ហាព្រំដែនដោយម៉ឺងម៉ាត់និងតាមរយៈការចរចាដោយសន្ដិវិធីដោយចៀសវាងដាច់ខាតនូវដំណោះស្រាយដោយប្រើកម្លាំង។ ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាមពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ ដូច្នេះ ប្រទេសទាំងពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យសក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេសទាំងពីរបានអនុម័តគឺ "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងឋិតថេរយូរអង្វែង" រវាងប្រទេសទាំងពីរនាពេលអនាគត។ ជាមួយនឹងបាវចនាខាងលើ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់សតវត្សរ៍ខាងមុខ នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាពនិងកាន់តែល្អប្រសើរឡើងថែមទៀត៕

បកប្រែដោយ Pham Diep