នៅក្នុងជំនួប នាយករដ្ឋមន្ត្រីទាំងបីបានសង្កត់ធ្ងន់ថា ប្រពៃណី សាមគ្គីភាព ភាពជិតស្និទ្ធ និងការជួយគ្នាទៅវិញទៅមករវាងវៀតណាម - កម្ពុជា - ឡាវ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងជាកត្តាសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រទេសទាំងបី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងជំនួប (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពវាយតម្លៃថា យន្តការសហប្រតិបត្តិការត្រីភាគីជាច្រើនរវាងវៀតណាម - កម្ពុជា - ឡាវ ត្រូវបានបង្កើតឡើង និងពង្រីកប្រកបដោយប្រសិទ្ធភាព រួមចំណែកជាក់ស្តែងក្នុងការពង្រឹង និងពូនជ្រំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បន្តជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរបស់ប្រទេសទាំងបី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ មានការរីកចម្រើនយ៉ាងខ្លាំង។ កម្មវិធីជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនកាន់តែមានភាពចម្រុះ។ កិច្ចសហប្រតិបត្តិការលើបណ្តាញបក្សដើរតួនាទីស្នូល និងតម្រង់ទិសអភិវឌ្ឍទំនាក់ទំនង។

ក្នុងស្មារតីនោះ ភាគីទាំងបីបានឯកភាពគ្នាសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំកិច្ចប្រជុំរវាងប្រមុខនៃគណបក្សទាំងបីនាពេលខាងមុខ; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការធានាសន្តិសុខជាតិ កសាង និងអភិវឌ្ឍន៍ប្រទេស; រក្សាការជួបជុំទ្វេភាគី និងត្រីភាគីជាប្រចាំនៅថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ; ពង្រឹងការជួបប្រាស្រ័យរវាងអ្នកដឹកនាំវ័យក្មេង និងយុវជន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងជំនួប (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីទាំងបីបានចាត់ទុកថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី ចាំបាច់ត្រូវមានរបកគំហើញជាយុទ្ធសាស្ត្រ ដើម្បីសក្តិសមនឹងទំនាក់ទំនងនយោបាយ និងសក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំទាំងបីបានឯកភាពគ្នាពួតដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ជាពិសេសតំបន់ជាប់គ្នានៃប្រទេសទាំងបី; ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅតំបន់ព្រំដែន ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងបី; ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងបី បង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី និយាយរួម និងបណ្តាខេត្តជាប់ព្រំដែននិយាយដោយឡែក។

ភាគីទាំងបីរក្សាគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាព ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសម្ខាងទៀត; ទន្ទឹមនឹងនោះ ភាគីទាំងបីឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសន្និសីទថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម។

នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងប្រទេសទាំងបីក្នុងទិសដៅកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី ដើម្បីសហគមន៍អាស៊ាន និងបន្តរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណ និងសង្ឃឹមថា រដ្ឋាភិបាលឡាវ និងរាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមក្នុងប្រទេសទាំងពីររស់នៅប្រកបដោយស្ថិរភាព និងសមាហរណកម្មសង្គមនៅប្រទេសសាមី រួមវិភាគទានជាវិជ្ជមានក្នុងការអភិវឌ្ឍរបស់ឡាវ និងកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងបី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីក៏បានអះអាងថា បន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ; គាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang