តាងនាមលោករដ្ឋមន្ត្រី Bui Thanh Son និងមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានជូនពរលោកស្រី ជា គឹមថា ឯកអគ្គរាជទូត មន្ត្រី និងបុគ្គលិកទាំងអស់នៃស្ថាន​ទូតកម្ពុជាប្រចាំវៀតណាម រួមទាំង​ក្រុមគ្រួសារជួបតែសេចក្តីសុខ និងសុភមង្គល។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ លោកអបអរសាទរប្រទេសកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ប្រកបដោយជោគជ័យ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា​។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Do Hung Viet និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម (រូបថត៖ baoquocte.vn)

លោកអនុរដ្ឋមន្ត្រី Do Hung Viet បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំវៀតណាមជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមក្នុងការរៀបចំដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងជំរុញយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដោះស្រាយបានទាន់ពេលនូវរាល់បញ្ហាដែលកើតឡើង ក៏ដូចជាដើរតួជាស្ពានមិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកឃោសនា និងអប់រំប្រជាជនគ្រប់ស្រទាប់នៃប្រទេស​ទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយឲ្យចេះថែរក្សា និងលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ និងប្រពៃណីនៃចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកស្រី ជា គឹមថា ថ្លែងអំណរគុណចំពោះក្រសួងការបរទេសដែលបានអញ្ជើញមកជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយចាត់ទុកថានេះជាកិត្តិយសមិនត្រឹមតែសម្រាប់ឯកអគ្គរដ្ឋទូតផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់មន្រ្តី និងបុគ្គលិកនៃ​ស្ថានទូតទៀតផង។ ទន្ទឹមនឹងនោះ លោកស្រី ជា គឹមថា អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។

leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍ (រូបថត៖ baoquocte.vn)

លោកស្រីឯកអគ្គរាជទូត បានអះអាងថា ស្ថានទូតត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរសម្រេចបាននាពេលថ្មីៗនេះ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep