leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបាននាពេលកន្លងមក ជាពិសេសការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រីកទំនាក់ទំនងការបរទេសនិងសមាហរណកម្មអន្តរជាតិ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយ​និស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស។

ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់និងសម្តែងក្តីរីករាយចំពោះទំនាក់ទំនងវៀតណាមនិងកម្ពុជាកាន់តែល្អប្រសើរលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ ប្រធានរដ្ឋសភាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដែលវៀត​ណាមផ្តល់ជូនកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងធ្វើការជាមួយវៀតណាម ដើម្បីការពារ ថែរក្សានិងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងកម្រិតខ្ពស់ថ្មី និងមរតកបន្តទៅជំនាន់ក្រោយ​។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី រួមចំណែកក្នុងការពង្រឹង និងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា។ លោកអគ្គលេខាបក្ស Nguyen Phu Trong អបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ និងគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ត្រចះត្រចង់ រដ្ឋសភា និងរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង និងផ្ទេរតំណែងអ្នកដឹកនាំជំនាន់ក្រោយ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស​កម្ពុជា; លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ការដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា និងការដឹកនាំរបស់រាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជាជាស្នូល ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗនិងធំធេងថែមទៀត អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដំណាក់កាល ២០២៣-២០២៨ និងគោលដៅរបស់រដ្ឋាភិបាលនីតិកាលទី៧។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ប្រពៃណីប្រវត្តិសាស្ត្រនៃសាមគ្គីភាព ភាពជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជាប្រភពកម្លាំងដ៏ធំធេង និងសំខាន់បំផុតសម្រាប់ការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងការការពារ កសាងនិងអភិវឌ្ឍន៍ប្រទេស។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី រួមនឹងប្រតិភូថតរូបជុំគ្នា

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភាទាំងពីរ និងប្រជាជនទាំងពីរដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងសម្រេចបាននូវសមិទ្ធិផលយ៉ាងធំធេងជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនយោបាយ ធានាការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់កិត្យានុភាពអន្តរជាតិនៃប្រទេសនីមួយៗ។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ដាំផ្ញើការសួរសុខទុក្ខជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត ៕

បកប្រែដោយ Thanh Cong