leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស ទៅជូនពរចូលឆ្នាំថ្មី នៅស្ថានទូតកម្ពុជា (រូប​ថត៖ baoquocte.vn)

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការបរទេស លោក Do Hung Viet បានជូនពរលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម  និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោរពេញដោយសេចក្ដីសុខ  សេចក្ដីចំរើន និងសុភមង្គល។

ឆ្លៀតក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងបុព្វហេតុកសាងប្រទេសមានសន្តិភាព ស្ថិរភាព និងវិបុលភាព; អបអរសាទរប្រជាជនកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ដោយជោគជ័យ។

លោកអនុរដ្ឋមន្ត្រី បានជូនពរកម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍លើកទី១២ ដោយជោគជ័យ រួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់កម្ពុជានៅក្នុងតំបន់ និងជុំវិញពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ baoquocte.vn)

លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងក្តីស្រលាញ់ពីថ្នាក់ដឹកនាំ និងក្រសួងនៃប្រទេសវៀតណាម ព្រមទាំងក្រសួងការបរទេសវៀតណាម។ លោកស្រីបានបញ្ជាក់ថា ការដែលអនុរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអង្គភាពនានា នៃក្រសួងការបរទេស មកជូនពរឆ្នាំថ្មី គឺជាកិត្តិយសមិនត្រឹមតែសម្រាប់លោកស្រីឯកអគ្គរាជទូតប៉ុណ្ណោះទេ ថែមទាំងសម្រាប់មន្ត្រី និងបុគ្គលិករបស់ស្ថានទូតកម្ពុជាទៀត​ផង​ ហើយ​និងជាសក្ខីភាពបញ្ជាក់អំពីទំនាក់ទំនងយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាពរបស់ភាគីទាំងពីរ។

ក្នុងឱកាសនេះ លោកស្រី ជា គឹមថា បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបានសម្របសម្រួលប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។

លោកស្រីឯកអគ្គរាជទូតបានសម្តែងនូវគោលបំណងថា វៀតណាមនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខប្រកបដោយជោគជ័យ។

លោកស្រី ជា គឹមថា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម និងក្រសួងការបរទេសវៀតណាម ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ដើម្បីបន្តជំរុញទំនាក់ទំនងល្អ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។ លោកស្រី​បានអះអាងថា លោកស្រីនឹងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងការជម្រុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរសម្រេចបាន នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan