នៅកិច្ចប្រជុំនេះ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ជាពិសេសការសម្របសម្រួលប្រកបដោយជោគជ័យក្នុងការរៀបចំជំនួបរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២ ខែគុម្ភៈកន្លងមក ព្រមទាំងសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀតក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ឆ្នាំ២០២២”។

leftcenterrightdel
លោក Bui Thanh Son ថ្លែង​ក្នុង​កិច្ច​ប្រជុំ

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខបានក្លាយទៅជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចលេចធ្លោមួយនៅក្នុងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០.៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរ ការពិគ្រោះយោបល់ និងយន្តការទ្វេភាគី អនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ; ពង្រីកទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ; បន្តជំរុញ និងរក្សាសន្ទុះនៃកំណើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី; ពិចារណា និងដាក់ចេញគោលនយោបាយសមស្រប ដើម្បីដោះស្រាយការលំបាក និងឧបសគ្គសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក ប្រាក់ សុខុន ថ្លែង​ក្នុង​កិច្ចប្រជុំ

ភាគីទាំងពីរក៏បានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់ផ្លូវគមនាគមន៍ ទេសចរណ៍ កសិកម្ម-រុក្ខាប្រមាញ់-នេសាទ ប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន កម្លាំងពលកម្ម ធនធានធម្មជាតិ និងបរិស្ថាន ... ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV); បន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នាថ្ងៃដដែល នៅទីក្រុងហាណូយ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

leftcenterrightdel
លោក Bui Thanh Son ជួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន

ក្នុងជំនួបនេះ រដ្ឋមន្ត្រី Bui Thanh Son និងលោក ប្រាក់ សុខុន បានឯកភាពជំរុញ និងអនុវត្តយ៉ាងល្អនូវដំណើរទស្សនកិច្ចកម្រិតខ្ពស់; បន្តរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់; អនុវត្តបានល្អនូវសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរដ្ឋាភិបាលទាំងពីរ; លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសរវាងខេត្តជាប់ព្រំដែន; ជំរុញការខ័ណ្ឌសីមាបោះបង្គោលព្រំដែននៅសេសសល់ ១៦% ដែលមិនទាន់បានបញ្ចប់ ដើម្បីបន្តកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោក Bui Thanh Son និងលោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើការសន្យាសហការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសដៃគូ។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពអះអាងអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ធានាសេរីភាពនិងសុវត្ថិភាពនៃនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ៕

បកប្រែដោយ Thanh Cong