សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាន និងទូលំទូលាយ នៃទំនាក់ទំនងវៀតណាម-កម្ពុជា លើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ រីឯលោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ជំរុញការអនុវត្តរបៀបវារៈរបស់អាស៊ាន។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ជំនះពុះពារការលំបាក រក្សាជីវភាពរស់នៅប្រកបដោយស្ថិរភាព សមាហរណកម្មល្អ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

* នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី Bui Thanh Son បានចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

* នាថ្ងៃទី ២០ ខែមករា លោករដ្ឋមន្ត្រី Bui Thanh Son បានជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរបានបន្តអភិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្តីពីការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា។ ស្តីពីបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជំរុញការចរចា និងខិតខំសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)៕

បកប្រែដោយ Huyen Trang