នៅក្នុងលិខិត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រអាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញដោយទាន់ពេលវេលា រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់ទីក្រុងហូជីមិញ ក៏ដូចជារបស់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា កាយវិការនេះកាន់តែមានតម្លៃថែមទៀតនៅពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក៏កំពុងខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងប្រទេសខ្លួនដែរ ហើយ​នេះ​ជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព និងប្រពៃណី “ជួយគ្នាទៅវិញទៅមក” ដ៏ថ្លៃថ្នូរ ដែលប្រជាជនទាំងពីរតែងតែផ្តល់ជូនគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលប្រទេសនីមួយៗប្រឈមមុខនឹងការលំបាក។

leftcenterrightdel
លោកស្រី យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាប្រគល់អំណោយជានិមិត្តរូបជូនលោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល​កម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះសហគមន៍ជនជាតិវៀតណាម និងប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅកម្ពុជាក្នុងដំណើរការអនុវត្តន៍គោលនយោបាយទប់ទល់នឹងការរីករាលដាលនៃ Covid-19 នាពេលកន្លងមក ទន្ទឹមនឹងនេះ លោកបានបង្ហាញនូវជំនឿថា ដោយមានការប្តេជ្ញាចិត្ត និងការសម្របសម្រួលរវាងរដ្ឋាភិបាលទាំងពីរ និងការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជានឹងយកឈ្នះលើជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ ស្ដារសេដ្ឋកិច្ចឡើងវិញ និងបន្តអភិវឌ្ឍន៍​ប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan