leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ពជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ដែលប្រទេសវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាការទប់ទល់នឹងការរីករាលដាលនៃ Covid-19។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ក្នុងតួនាទីថ្មី លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងបន្តរួមចំណែកយ៉ាងធំធេងចូលក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រទេសជាតិ លើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារ និងទូរស័ព្ទអបអរសាទរ។ លោកបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។ លោកប្រធានរដ្ឋក៏បានបង្ហាញនូវជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជានឹងទប់ទល់នឹងការរីករាលដាល Covid-19 ដោយ​ជោគ​ជ័យ ហើយ​មាន​ការ​ងើបឡើងវិញយ៉ាងឆាប់រហ័ស។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ vnanet.vn)

ដោយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ ជាពិសេសការដោះដូរពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើងទោះបីរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការសហប្រតិបត្តការតាមបែបផែនសមស្រប។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែន ជម្រុញការវិនិយោគ ការតភ្ជាប់ការដឹកជញ្ជូន ការអប់រំ ការបណ្តុះបណ្តាល និងការជួបជុំផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការជួយគាំទ្រនាពេលថ្មីៗនេះរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការទប់ទល់នឹងការរាតត្បាត Covid-19។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងចង់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមដែលរស់នៅ សិក្សា និងរកស៊ីនៅកម្ពុជា។

*នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតមួយសម្តែងការអបអរសាទរជូនចំពោះ លោក Pham Minh Chinh ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងសារលិខិតផ្ញើទៅកាន់ លោក Pham Minh Chinh សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ "ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេល ៥៤ ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ។ ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសាមគ្គីរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងស្មារតីនេះ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងធ្វើការយ៉ាងជិតស្និទ្ធទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជានិងវៀតណាមអាចជម្នះបាននូវបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីផលប្រយោជន៍របស់ប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក"៕

បកប្រែដោយ Duy Hoan