leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ទទួលជួបលោកឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោក ចាយ ណាវុធ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ (រូបថត៖ baoquocte.vn)

 

ខ្ញុំគេងមិនលក់នៅយប់ថ្ងៃដែលក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ ឆ្នាំ (U22) វៀតណាមឈ្នះជើងឯកក្នុងការប្រកួត Seagames នៅប្រទេសហ្វីលីពីន។ ខ្ញុំគេងមិនលក់មិនមែនដោយមកពីសំលេងអ៊ូអរពីម៉ូតូ ឫសំលេងផ្លុំត្រែពីអ្នកគាំទ្រ​វៀត​ណាម​​ដែលដង្ហែរក្បួនតាមដងផ្លូវដើម្បីអបអរជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់ជម្រើសក្រោមអាយុ ២២ ឆ្នាំ​វៀត​ណាម។ នេះគឺជាជ័យជំនះជាប្រវត្ដិសាស្ដ្ររបស់ក្រុមបាល់ទាត់ U22 វៀតណាមបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៦០ ឆ្នាំកន្លងមក។ 

តើមូលហេតុអ្វីនៅពីក្រោយជ័យជំនះនេះ?

អ្នកតាមដានបាល់ទាត់យ៉ាងហោចណាស់បានយល់ឃើញដូចគ្នាថា ជ័យជំនះរបស់ក្រុមបាល់ទាត់វៀតណាម បានមកពីកត្តា ៣ គឺការត្រៀមលើវិស័យយុទ្ធសាស្ត្រមានប្រសិទ្ធភាព ការប្តេជ្ញាចិត្តរបស់កីឡាករនិងការតាំងចិត្តរបស់គ្រូបង្វឹក។ មុនការប្រកួតម្ដងៗ ទាំងគ្រូបង្វឹកនិងទាំងកីឡាករមានការស្រាវជ្រាវនិងវិភាគស៊ីជម្រៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់គូប្រជែងក៏ដូចជាឱកាសយកឈ្នះ។ ដោយផ្អែកលើមូលដ្ឋាននោះ គ្រូបង្វឹកនឹងរៀបចំប្លង់និងយុទ្ធវិធីប្រកួត។ លើសពីនេះទៅទៀតក្នុងការជ្រើសរើសកីឡាករល្អ គ្រូបង្វឹកដាក់ចេញលក្ខណៈវិនិឆ័យយ៉ាងតឹងរឹងដូចជាមានជំនាញបច្ចេកទេស​ល្អ និងកីឡាករគោរពវិន័យខ្ពស់ទើបបានចូលក្រុមជម្រើ។

គ្រូបង្វឹកបានលើកទឹកចិត្ដនិងលើកកម្ពស់ស្មារតីប្រកួតយ៉ាងខ្លាំងក្លាពីកីឡាករម្នាក់ៗដូចជា “ទាហានលោកអ៊ំហូ” ត្រៀមខ្លួនធ្វើអស់ពីសមត្ថភាពដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ រូបភាពលោក អ៊ុំហូ ត្រូវបានអ្នកគាំទ្រ​វៀតណាមលើកកំពស់នៅលើវេទិកា។

តើជ័យជម្នះរបស់ក្រុមបាល់ទាត់ U 22 វៀតណាមមានអត្ថន័យយ៉ាងណាចំពោះវៀតណាម?

ភាពជោគជ័យនេះគឺជាសញ្ញាមួយដែលបង្ហាញឲ្យពិភពលោកដឹងថា វៀតណាមកំពុងស្ថិតនៅក្នុងរបត់ជាប្រវត្តិសាស្ត្រ។ លើសពីនេះទៅទៀត ភាពជោគជ័យនៃបាល់ទាត់វៀតណាមធ្វើឲ្យខ្ញុំពិនិត្យឃើញការសង្កេតរបស់ខ្ញុំក្នុងរយៈពេលជាងពីរខែនៅប្រទេសនេះ។

ការសង្កេតដំបូង

នៅឆ្នាំ ២០២០ វៀតណាមទទួលតួនាទីជាប្រធានអាស៊ាន។ មុនពេលទទួលតួនាទីនេះ វៀតណាមបានកំណត់អាទិភាពចំនួន ៥ រួមមាន៖ ទី ១​ គឺរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព; ទី ២ គឺការធ្វើសមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច; ទី ៣ គឺលើកកម្ពស់ការយល់ដឹងនិងអត្តសញ្ញាណអាស៊ាន; ទី ៤​ គឺជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព; ហើយទី ៥ គឺលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អាស៊ាន។

ក្នុងចំណោមអាទិភាពទាំង ៥ នេះ គេអាចមើលឃើញពាក្យថា “សន្តិភាពនិងសន្តិសុខ” ត្រូវបានប្រើពីរដង។ ប្រការនេះបានបង្ហាញថា វៀតណាមគឺជាប្រទេសមួយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្លាំងលើផលប្រយោជន៍របស់ប្រទេសសមាជិក​ទាំងអស់។ មុនពេលចាកចេញពីតួនាទីជាប្រធានអាស៊ាន ក៏ប្រទេសវៀតណាមគិតគូលើគ្រប់ទិដ្ឋភាពនៃផលប្រយោជន៍រួមរបស់សមាជិកនីមួយៗដើម្បីកសាងអាទិភាពចំនួន ៥។

ការសង្កេតទី ២

វៀតណាមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ។ នេះជាលើកទី ២ ហើយដែលប្រទេសវៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបន្ទាប់ពីអាណត្តិដំបូងក្នុងឆ្នាំ ២០០៨-២០០៩។ ក្នុងអាណត្ដិនេះ វៀតណាមបានត្រៀមយ៉ាងហ្មត់ចត់ក្នុងឋានៈជាសមាជិកនៃអង្គការអន្តរជាតិ។ ទោះបីជាប្រទះបញ្ហាប្រឈមដែលកំពុងកើតឡើងជាច្រើននិងបញ្ហាដែលមិនអាចទាយទុកជាមុនបាន រួមទាំងការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនោះ វៀតណាមចាត់ទុកថានេះជាឱកាសរួមចំណែកការពារនិងថែរក្សាសន្តិភាពពិភពលោក។

ក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ វៀតណាមបានចាត់បញ្ជូនកងពេទ្យកម្រិត ២ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ ម៉្យាងទៀត វៀតណាមគឺជាសមាជិកនៃវេទិកាសេដ្ឋកិច្ចជាច្រើន និងជាប្រទេសហត្ថលេខីបង្កើតទំនាក់ទំនងភាពជាដៃគូទ្វេភាគីនិងពហុភាគីជាមួយប្រទេសជាច្រើន និងអង្គការទាំងក្នុងនិងក្រៅតំបន់។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសសម្រេចបាន ៣១,៧៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៣,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងឆ្នាំ ២០១៩ កើនឡើង ៧,០២% លើសពីផែនការគ្រោងទុកពី ៦,៦% ដល់ ៦,៨% ។

ការសង្កេតទាំងនេះ រួមជាមួយជ័យជំនះរបស់ក្រុមបាល់ទាត់វៀតណាមបានបង្ហាញសញ្ញាថ្មី ឆ្ពោះទៅកាន់ខឿនសេដ្ឋកិច្ចមួយប្រកបដោយនវានុវត្ត  និងជាគំរូមួយនៃប្រទេសសង្គមនិយមនៅលើពិភពលោក និងជាប្រទេសសន្ដិភាពនិងសន្ដិសុខដែលគេចាត់ទុកថាជាផលប្រយោជន៍ស្នូល។ វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារកត្តាបីយ៉ាង៖ ទី ១​ គឺការត្រៀមរៀបចំយុទ្ធសាស្ត្រ; ទី ២គឺការប្តេជ្ញាចិត្ត; និងទី៣គឺស្មារតីរបស់ប្រជាពលរដ្ឋ។

ឆ្នាំនេះ វៀតណាមប្រារព្ធខួបលើកទី ២៥ នៃទិវាចូលជាសមាជិកអាស៊ាន។ ក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះជោគជ័យរបស់ថ្នាក់ដឹកនាំវៀតណាម បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការប្រយុទ្ធនឹងការរាតត្បាត Covid 19។ វៀតណាមទទួលបានការយកចិត្តទុកដាក់និងការកោតសរសើរពីប្រទេសជាច្រើនជុំវិញពិភពលោក ទោះបីបច្ចុប្បន្នរោគរាតត្បាតមិនទាន់ចប់នៅឡើយទេ ប៉ុន្តែវៀតណាមកំពុងជាប្រទេសទាក់ទាញការចាប់អារម្មណ៍ពីដៃគូនានាដូចជា ក្រុមហ៊ុនពហុជាតិ អង្គការក្នុងតំបន់និងពិភពលោក។

ខ្ញុំជឿជាក់ថា ក្នុងតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមនឹងបំពេញល្អនូវភារកិច្ចនេះ និងទទួលបានជោគជ័យជាមួយអាទិភាពទាំង ៥ នេះ រួមចំណែករក្សាសន្តិភាព សន្តិសុខ ក៏ដូចជាវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Pham Diep