លោកឯកអគ្គរាជទូត  ចាយ ណាវុធ បានថ្លែងអំណរគុណចំពោះការជួយគាំទ្រពីអាជ្ញាធរ និងប្រជាជនខេត្ត Tay Ninh ក៏ដូចជាជំនួយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិយាយរួម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និយាយដោយឡែក ដែល​បានផ្តល់ការគាំទ្រខាងសម្ភារៈ និងបច្ចេកទេសលើគ្រប់វិស័យ ដល់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីការពារ និងគ្រប់គ្រងព្រំដែនក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Hong Vuong ទទួលជួបលោក ចាយ ណាវុធ (រូបថត៖ bienphong.com.vn)

ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូត ចាយ ណាវុធ ក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា ទំនាក់ទំនងអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង និងកសាងព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងកម្លាំងការពារព្រំដែនកម្ពុជា ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ មកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានសម្របសម្រួលជាមួយគ្នាយ៉ាងល្អលើគ្រប់វិស័យ ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ទៅកាន់ព្រំដែន។

នាពេលខាងមុខ អង្គភាពនឹងបន្តអនុវត្តផែនការគ្រប់គ្រងការពារព្រំដែន ព្រមទាំងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត នៅតំបន់គ្រប់គ្រងស្របតាមកម្មវិធីដែលបានចុះហត្ថលេខាជាមួយខេត្តជាប់គ្នា។ ទន្ទឹមនឹងនោះ អង្គភាពនឹងផ្តល់យោបល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីដាក់ចេញបទប្បញ្ញត្តិអំពីការគ្រប់គ្រងព្រំដែនក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ហើយ​បង្កលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Huyen Trang