នៅថ្ងៃទី ២ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដោយឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមដែលទាក់ទងនឹងការនៅថ្ងៃទី ២២ ខែមិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជូនដំណឹងដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាអំពីការសម្រេចនិរាករណ៍សេចក្ដីប្រកាសព័ត៌មានលេខ ២៦៨០ កបទ.សអ/អប១ និងកំណត់ទូត 698 MFA.IC/AP1 ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជាស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេស​វៀត​ណាម​ដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

“វៀតណាមវាយតំលៃខ្ពស់ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលកន្លងមក វៀតណាម និងកម្ពុជាបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ​គ្នាក្នុងការធានាការធ្វើដំណើរចេញចូលសម្រាប់ពលរដ្ឋដែលបានផ្តល់អាទិភាព ជាពិសេសសិស្ស និស្សិត និងការរក្សាភាពប្រក្រតីនូវសកម្មភាពដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងបរិបទដែលការរីករាលដាលនៃជំងឺកូវីដ - ១៩ នៅតែមានភាពស្មុគស្មាញយ៉ាងខ្លាំងនៅលើពិភពលោក និងនៅក្នុងតំបន់ បណ្តាអាជ្ញាធរនៃភាគីទាំងពីរនឹងបន្តសិក្សា ហើយ​​ពិភាក្សាលើការបន្ធូរបន្ថយការរឹកត្បិតការចេញ​ចូល​ ដោយផ្អែកលើស្ថានភាពនៃការរាតត្បាតដែលស្របតាមបទប្បញ្ញត្តិស្តីពីវេជ្ជសាស្ត្ររបស់ប្រទេសនីមួយៗ ក្នុងគោលបំណងខ្ពស់បំផុតគឺគ្រប់គ្រងបានល្អ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងសហគមន៍ទាំងនៅប្រទេស​វៀត​ណាម និងប្រទេសកម្ពុជាផងដែរ៕

បកប្រែដោយ Duy Hoan