លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
កប.អនឡាញ - ក្នុងឱកាសអមដំណើរលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ នៅថ្ងៃទី ២ ខែធ្នូ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិឡាវ។ លោកបានសម្តែងនូវក្តីរីករាយដោយឃើញថាក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ កងទ័ព និងប្រជាជនឡាវបានសាមគ្គី ជំនះការលំបាក និងបញ្ហាប្រឈមជាច្រើន និងសម្រេចបានសមិទ្ធផលសំខាន់ៗក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ ដែលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ប្រទេសឡាវនឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងប្រទេសឡាវមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព តាមទិសដៅសង្គមនិយម។ លោកបានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមតែងតែចងចាំជានិច្ចនូវការគាំទ្រ និងជំនួយរបស់បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យនៅអតីតកាល ក៏ដូចជាក្នុងការកសាង និងការពារប្រទេសជាតិនាពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិយ៉ាងធំធេងរបស់ប្រជាជនវៀតណាមដោយសារព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះ។ លោកបានអបអរសាទរចំពោះសមិទ្ធផលដ៏លេចធ្លោដែលវៀតណាមទទួលបាននាពេលកន្លងមក ហើយបញ្ជាក់ថា ឡាវតែងតែចងចាំ និងដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏ស្មោះស្ម័គ្ររបស់វៀតណាម ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់វៀតណាម ក្នុងការតស៊ូដើម្បីរំដោះជាតិនៅអតីតកាល ក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិនៅបច្ចុប្បន្ន។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានឯកភាពសហការ និងដឹកនាំស្ថាប័ន និងអង្គភាពនានា ដើម្បីបង្កើតផែនការអនុវត្តខ្លឹមសារសហប្រតិបត្តិការ ដោយធានាគុណភាព និងប្រសិទ្ធភាព ហើយបង្កើនការតភ្ជាប់ពាណិជ្ជកម្ម ពង្រីកទីផ្សារវិនិយោគ ជាពិសេសនៅតំបន់ព្រំដែន...៕
បកប្រែដោយ Thuy Anh