រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងអូស្ត្រាលី បានរៀបចំកិច្ចពិភាក្សាអំពីបទពិសោធន៍ក្នុងកម្មវិធីស្តីពីស្ត្រី សន្តិភាព និងសន្តិសុខក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងលោកស្រីវរសេនីយ៍ឯក Karen Such នាយិកាកម្មវិធីស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្រសួងការពារជាតិអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សានេះ។
ក្នុងកិច្ចពិភាក្សា វាគ្មិន និងអ្នកជំនាញមកពីប្រទេសវៀតណាម អូស្ត្រាលី ឡាវ កម្ពុជា និងអង្គការអន្តរជាតិ បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ក្នុងការជ្រើសរើស បណ្តុះបណ្តាល អនុវត្ត និងបង្កើតលក្ខណៈងាយស្រួលសម្រាប់នាយទាហាននារីឲ្យចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។
លោកវរសេនីយ៍ឯក Nguyen Nhu Canh បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញនាយទាហានស្រី ប្រទេសនីមួយៗគប្បីមានវិធានការព្រមៗគ្នាចាប់ពីគោលនយោបាយ ការបណ្តុះបណ្តាល ការរៀបចំការងារសមស្រប ដល់ការជួយគាំទ្របន្ទាប់ពីពួកគេបញ្ចប់អាណត្តិបេសកកម្មនៅក្នុងស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ជាពិសេស ព័ត៌មាន និងអនុសាសន៍ដែលបានលើកឡើងនៅក្នុងការពិភាក្សា គឺជាមូលដ្ឋានសំខាន់មួយសម្រាប់វៀតណាមអនុវត្តកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់ដំណាក់កាល ២០២៤-២០៣០ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមរបស់វៀតណាមនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
បកប្រែដោយ Thuy Anh