នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Johannesburg លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ។

ក្រោម​ការ​អនុវត្តតាមការព្រមព្រៀងគ្នាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងមកកាន់ប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Cyril Ramaphosa បានប្រកាសជាផ្លូវការអំពីការដំឡើង​ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូង​ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំមកនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។

ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ  ដោយចាត់ទុកនេះជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំង​ឆាប់​ចរចាលើ​កិច្ចព្រមព្រៀងមួយ និងបង្កើតក្រុមការងារភ្លាមៗ ដើម្បីជំរុញការបើកទីផ្សារសម្រាប់ទំនិញនិងផលិតផលរបស់ភាគីនីមួយៗ ហើយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៤ ឬ ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh បានស្នើភាគីទាំងពីរដំឡើង​យន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលពីកម្រិតអនុរដ្ឋមន្ត្រីឲ្យ​ឡើង​​កម្រិតរដ្ឋមន្ត្រីការបរទេស និង​បង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការនិងការវិនិយោគលើវិស័យជាច្រើន ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ ផលិតកម្ម និងកែច្នៃកសិកម្ម ថាមពល ផលិតយានយន្តអគ្គិសនី និងអភិវឌ្ឍឧស្សាហកម្មហាឡាល់។ ទន្ទឹមនឹង​នោះ​ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត និងបង្កលក្ខខណ្ឌសម្រាប់អាជីវកម្មវៀតណាមចូលរួមក្នុងគម្រោង 5G និងការធ្វើបរិវត្ដកម្មឌីជីថលនៅអាហ្វ្រិកខាងត្បូង។​ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល ពលកម្ម កីឡា វប្បធម៌ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗបន្ថែមទៀត ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ការ​លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។

អំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Cyril Ramaphosa បានឯកភាពគ្នាថា ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកបន្ថែមទៀតនៅក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) និងការចូលរួមចំណែកដល់ភាពជោគជ័យនៃ G20។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Cyril Ramaphosa អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ (រូបថត៖ vnanet.vn)

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានឯកភាពគ្នាអនុម័តសេចក្តីថ្លែងការណ៍រួមស្ដីពីការដំឡើង​ងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងអញ្ជើញជាសក្ខីភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មរវាងក្រសួងកសិកម្មនិងបរិស្ថានវៀតណាម និងក្រសួងកសិកម្មអាហ្វ្រិកខាងត្បូង។

* នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយលោក Paul Mashatile អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង ។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងតួនាទីរបស់អាជីវកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងឲ្យដឹងថា អាជីវកម្មនៃប្រទេសទាំងពីរអាចទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជា ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផ្លូវថ្នល់ កំពង់ផែសមុទ្រ រ៉ែកាបូនទាប ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍។

ចំណែកលោកនាយករដ្ឋមន្ត្រីវៀតណាម ឲ្យដឹងថា ភាគីទាំងពីរគួរតែអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងដោយកម្មវិធីជាក់លាក់ ដែលក្នុងនោះរដ្ឋាភិបាលទាំងពីរដើរតួនាទីស្ថាបនា និងអាជីវកម្មដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើភាគីទាំងពីរសហការគ្នាដើម្បីកសាងខឿនសេដ្ឋកិច្ចដែលខ្លួនទីពឹងខ្លួន  គាំទ្រគ្នាទៅវិញទៅ​មក។

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Paul Mashatile អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង  បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង។

* នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើការជាមួយថ្នាក់ដឹកនាំនៃអង្គការ និងអាជីវកម្មរបស់អាហ្វ្រិកខាងត្បូងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច។

បកប្រែដោយ Pham Diep