អមដំណើរនាវាកងឆ្មាំសមុទ្រលេខ ៨០០៤ ចេញទៅតំបន់ហ្វឹកហាត់មាននាវា Dejima និងនាវាល្បាត CL ១២២ នៃតំបន់លេខ ៧ កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន។

តាមសេណារីយ៉ូ នាវាកងឆ្មាំសមុទ្រលេខ ៨០០៤ របស់វៀតណាមកំពុងធ្វើដំណើរនៅក្នុងដែនទឹកអន្តរជាតិ ដែលជាប់នឹងដែនទឹកក្រោមការគ្រប់គ្រងរបស់តំបន់ ៧ កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន។ ខណៈពេលដែលនាវាកងឆ្មាំសមុទ្រលេខ ៨០០៤ កំពុងធ្វើដំណើរនៅក្នុងតំបន់សមុទ្រនេះ មជ្ឈមណ្ឌលប្រតិបត្តិការនៃតំបន់ ៧ កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុនបានជូនដំណឹងដល់មជ្ឈមណ្ឌលសម្របសម្រួលការរុក​​រក និងជួយសង្គ្រោះរបស់វៀតណាម (RCC) អំពីករណីមនុស្ស ២ នាក់ដែលកំពុងជួបគ្រោះថ្នាក់និងអណ្តែតនៅដែនសមុទ្រ ជិតតំបន់ដែលនាវាកងឆ្មាំសមុទ្រលេខ ៨០០៤ កំពុង​ធ្វើដំណើរ។ 

leftcenterrightdel
កងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសទាំងពីរថតរូបជុំគ្នាមុនពេលនាវាកងឆ្មាំសមុទ្រលេខ ៨០០៤ ចាកចេញពីកំពង់ផែ Hakata

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ RCC បានស្នើឱ្យនាវាកងឆ្មាំសមុទ្រវៀតណាមសម្របសម្រួលជាបន្ទាន់ក្នុងការរុក​រក និងជួយសង្គ្រោះ។ នៅពេលដែលនាវាកងឆ្មាំសមុទ្រលេខ ៨០០៤ និងនាវាល្បាតនៃតំបន់ ៧ កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុនបានមកដល់តំបន់រុក​រក ពួកគេបានជូនដំណឹងគ្នាទៅវិញទៅមក ចែករំលែកទីតាំងរបស់ជនរងគ្រោះពីមជ្ឈមណ្ឌលប្រតិបត្តិការតំបន់ ៧។ នាវាកងឆ្មាំសមុទ្រលេខ ៨០០៤  បានបង្កើនការរុករក និងបាន​រកឃើញជនរងគ្រោះ ១ នាក់ ហើយបានជួយសង្គ្រោះបន្ទាន់ និងប្រគល់ទៅឱ្យនាវា Dejima វិញ។ បន្ទាប់មកឧទ្ធម្ភាគចក្រ MH 96 ដែលដឹកក្រុមជួយសង្គ្រោះរបស់កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុនបានរកឃើញជនរងគ្រោះទីពីរ ហើយបានសង្គ្រោះបន្ទាន់។

លោកវរសេនីយ៍ឯក Le Thanh Hai ប្រធានគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ឲ្យដឹងថា មូលហេតុដែលសម្រេចបានលទ្ធផលហ្វឹកហាត់ដ៏ល្អនេះគឺអាស្រ័យកងកម្លាំងទាំងពីរបានធ្វើការជាមួយគ្នា ហើយឯកភាពគ្នាលើខ្លឹមសារ និងផែនការលម្អិតមុនពេលហ្វឹកហាត់ ក៏ដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងដំណើរការហ្វឹកហាត់។ 

តាមរយៈការហ្វឹកហាត់នេះបានជួយកងឆ្មាំសមុទ្រវៀតណាមមានឱកាសរៀនសូត្រ និងស្រូបយកបទពិសោធន៍ជាច្រើនពីភាគីកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន ក៏ដូចជាចូលរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពីវិធីសាស្រ្តរៀបចំការស្វែងរក និងបច្ចេកទេសជួយសង្គ្រោះនៅលើសមុទ្រ៕

បកប្រែដោយ Pham Diep