កងទ័ពត្រៀមខ្លួនរួចជាស្រេចទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ននៅបន្ទាយយោធា
កប.អនឡាញ- នៅថ្ងៃទី ២១ ខែវិច្ឆិកា ក្រសួងការពារប្រទេសបានចេញសារទូរលេខលេខ 7483/CD-BQP ស្តីពីការទប់ទល់និងជំនះផលវិបាកនៃទឹកជំនន់នៅភាគកណ្តាលវៀតណាម។
អាស្រ័យហេតុនេះ អនុវត្តសារទូរលេខលេខ 225/CD-TTg របស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ការបញ្ជារបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្តីពីការជំនះផលវិបាកនៃទឹកជំនន់នៅភាគកណ្តាលវៀតណាមនោះ ក្រសួងការពារប្រទេសបានស្នើឱ្យស្ថាប័ន និងអង្គភាពនានាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារទូរលេខរបស់នាយករដ្ឋមន្ត្រី និងក្រសួងការពារប្រទេសស្តីពីការទប់ទល់ទៅនឹងទឹកជំនន់នៅខេត្ត Khanh Hoa ខេត្ត Dak Lak និងខេត្ត Gia Lai។
    |
 |
|
កងពលធំលេខ ៣៧៧ ជួយប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Khanh Hoa ផ្លាស់ទៅទីទួលសុវត្ថិភាព |
អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមដឹកនាំបញ្ជាឲ្យស្ថាប័ននិងអង្គភាពនានាឱ្យរក្សារបបប្រចាំការ សង្គ្រោះបន្ទាន់ តាមដានស្ថានភាពអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ ចាត់បញ្ជូនកងកម្លាំងនិងមធ្យោបាយ ព្រមទាំងចាត់វិធានការដើម្បីជំនះផលវិបាកនៃភ្លៀងទឹកជំនន់ និងការបាក់ដីឲ្យបានឆាប់រហ័ស។ សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងដើម្បីជម្លៀសគ្រួសារដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ទៅទីទួលសុវត្ថិភាព។ ត្រៀមខ្លួនរួចជាស្រេចទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទាយយោធា និងធានាឲ្យបាននូវការរស់នៅរបស់ប្រជាជន។ នាយកដ្ឋានជួយសង្គ្រោះគ្រោះមហន្ដរាយផ្តល់អាហារស្ងួតចំនួន ១៥ តោន ដល់យោធាភូមិភាគទី ៥ ឱ្យបានឆាប់បំផុតដើម្បីជួយប្រជាជនបានទាន់ពេល។
អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមដឹកនាំបញ្ជាកាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍កងទ័ពឱ្យបង្កើនការឃោសនានិងចលនាមហាជន ព្រមទាំងឃោសនាអំពីសកម្មភាពរបស់កងទ័ពជួយប្រជាជន។
អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេសសហការជាមួយនាយកដ្ឋានបម្រុងរដ្ឋ (ក្រសួងហិរញ្ញវត្ថុ) និងយោធភូមិភាគទី ៥ ដើម្បីដឹកជញ្ជូនអង្ករ សម្ភារៈ និងឧបករណ៍ជួយសង្គ្រោះទៅកាន់បណ្ដាមូលដ្ឋានឱ្យបានឆាប់រហ័ស ព្រមទាំងបញ្ជាឲ្យកម្លាំងពេទ្យយោធារៀបចំបាញ់ថ្នាំសម្លាប់មេរោគ ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន។ ផលិតអាហារស្ងួត ដេរសម្លៀកបំពាក់ស៊ីវិល ភួយនិងមុង តាមការបញ្ជាណែនាំរបស់ប្រមុខក្រសួងការ ពារប្រទេស។
យោធភូមិភាគទី ៥ និងយោធភូមិភាគទី ៧ ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តនិងអង្គភាពក្រោមឱវាទ ប្រមូលផ្តុំកងកម្លាំងនិងមធ្យោបាយ ដើម្បីសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដើម្បីជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពផ្ដល់ស្បៀងអាហារ សម្ភារៈចាំបាច់ និងទឹកស្អាតដល់ប្រជាជន។ សម្អាតអនាម័យបរិស្ថាន បង្ការជំងឺរាតត្បាត ពិនិត្យសុខភាព សម្អាតសាលារៀន មណ្ឌលសុខភាព ស្ថាប័ន អង្គការ សហគ្រាស និងស្តារសកម្មភាពផលិតកម្មឡើងវិញនិងជួយប្រជាជនមានជីវភាពស្ថិរភាពបន្ទាប់ពីទឹកជំនន់ស្រកចុះ។
យោធភូមិភាគទី ៤ រៀបចំកងកម្លាំងនិងមធ្យោបាយដើម្បីជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់ ត្រៀមរៀបចំផែនការឆ្លើយតបទាន់ពេលវេលានៅពេលដែលភ្លៀងទឹកជំនន់កើតឡើងវិញ...
បកប្រែដោយ Pham Diep