លោកឧត្តមសេនីយ៍ឯក Roberto Legrá Sotolongo សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្ត្រីទី១ នៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងឱឡារិក ពោរពេញទៅដោយចំណងសាមគ្គីភាព និងមិត្តភាព។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវអារម្មណ៍រំភើបនៅពេលមកបំពេញទស្សនកិច្ចនៅប្រទេសគុយបាវីរភាព និងរូសរាយរាក់ទាក់ ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា សម្រាប់មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅ និងការស្វាគមន៍យ៉ាងឱឡារិក ជូនចំពោះគណៈប្រតិភូ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវសេចក្តីរីករាយដោយឃើញថាទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស វៀតណាម-គុយបា ដែលត្រូវបានពូនជ្រំដោយលោកប្រធានហូជីមិញ លោកប្រធាន Fidel Castro និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

លោកឧត្តមសេនីយ៍ឯក Roberto Legrá Sotolongo បានសង្ឃឹមថា សកម្មភាពរបស់គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមនៅគុយបា នឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅអំពីទឹកដី និងប្រជាជនគុយបា រួមចំណែកពង្រឹងយ៉ាងរឹងមាំនូវទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ Antonio Maceo

នៅវិមាន El Cacahual លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ Antonio Maceo ដែលជាវីរៈបុរសដែលបានរួមចំណែកដល់ការតស៊ូដើម្បីឯករាជ្យភាពរបស់ប្រទេសគុយបា និងមានឥទ្ធិពលយ៉ាងខ្លាំងលើចលនារំដោះជាតិនៃបណ្តាប្រទេសនៅអាមេរិកឡាទីន។

* បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនាកងពលធំរថក្រោះលេខ ១០១១ នៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងពលធំ កម្មាភិបាល យុទ្ធជននៃអង្គភាព ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងមនោសញ្ចេតនាដ៏ស្និទ្ធស្នាលជាបងប្អូន ជូនចំពោះគណៈប្រតិភូ។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះប្រពៃណីដ៏យូរអង្វែង និងការរីកចម្រើនដោយឥតឈប់ឈររបស់កងពលធំរថក្រោះលេខ ១០១១ ក្នុងដំណើរ ៦០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន (១៩៦៥-២០២៥)។

ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោក លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា ជាងពេលណាៗទាំងអស់ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរត្រូវបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការពារសមិទ្ធិផលនៃបដិវត្តន៍ និងឆ្ពោះទៅមុខយ៉ាងរឹងមាំលើមាគ៌ាដែលប្រទេសទាំងពីរបានជ្រើសរើស។ ជាពិសេស កងពលធំរថក្រោះលេខ ១០១១ មានសក្ដានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាម។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជឿជាក់ថា កងពលធំរថក្រោះលេខ ១០១១ នឹងបន្តរក្សា និងពង្រីកប្រពៃណីរបស់ខ្លួន លើកកំពស់គុណភាពហ្វឹកហ្វឺន ត្រៀមខ្លួនប្រយុទ្ធជាសម្រេច បំពេញរាល់ភារកិច្ចដ៏ល្អប្រសើរដែលបក្ស រដ្ឋ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាប្រគល់ជូន។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសរសេរក្នុងសៀវភៅក្រាំងមាសប្រពៃណីរបស់អង្គភាព និងផ្តល់អំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងពលធំរថក្រោះលេខ ១០១១។

* គួរបញ្ជាក់ថា នារសៀលថ្ងៃទី ១៥ ខែមិថុនា (ម៉ោងក្នុងតំបន់) លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅគុយបា និងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅគុយបា៕

បកប្រែដោយ Huyen Trang