វៀតណាមចូលរួមលំហាត់សមយុទ្ធសន្តិភាពពហុជាតិ Khaan Quest ២០២៥ នៅម៉ុងហ្គោលី
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាព ក្នុងរដ្ឋធានី Ulaanbaatar (ម៉ុងហ្គោលី) បានប្រព្រឹត្តទៅលំហាត់សមយុទ្ធសន្តិភាពពហុជាតិ Khaan Quest ២០២៥ ដោយមានការចូលរួមពីប្រទេសចំនួន ២៤ ដែលមានយោធិនជាង ១ ពាន់នាក់ រួមទាំងវៀតណាមផងដែរ។
ពិធីបើកលំហាត់សមយុទ្ធនេះធ្វើឡើងយ៉ាងឱឡារិកនាថ្ងៃទី១៤ ខែមិថុនា ក្រោមអធិបតីភាពលោក Purevdori B អនុប្រធានរដ្ឋសភាម៉ុងហ្គោលី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គសេនាធិការនៃកងទ័ពម៉ុងហ្គោលី រួមជាមួយនឹងប្រតិភូនានា គឺតំណាងឱ្យប្រទេសចំនួន ២៤ ដែលបានចាត់បញ្ជូនយោធិនទៅចូលរួមក្នុងលំហាត់សមយុទ្ធនេះ។
លោក Nguyen Tuan Thanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅម៉ុងហ្គោលី និងលោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានចូលរួមពិធីបើក។
    |
 |
ប្រតិភូមកពីប្រទេសដែលបញ្ជូនកងកម្លាំងទៅចូលរួមក្នុងលំហាត់សមយុទ្ធ ចូលរួមក្នុងពិធីបើក |
មានប្រសាសន៍ក្នុងពិធីបើក លោក Purevdori B បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសនានាជុំវិញពិភពលោកកំពុងខិតខំប្រឹងប្រែងដោះស្រាយជម្លោះ និងរក្សាសន្តិភាពតាមរយៈវិធានការនយោបាយ និងការទូតក៏ដោយ ប៉ុន្តែបរិយាកាសសន្តិសុខពិភពលោកបច្ចុប្បន្នកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ក្នុងបរិបទនោះ ស្មារតីនៃសាមគ្គីភាព ការចែករំលែកទំនួលខុសត្រូវ និងកិច្ចសន្យាដើម្បីសន្តិភាពក្នុងចំណោមប្រទេសនានា ក្លាយជាមានសារៈសំខាន់ខ្លាំងណាស់។
លំហាត់សមយុទ្ធ "Khaan Quest" ត្រូវបានចាត់ទុកថាជាស្ពានជាក់ស្តែងមួយ ជួយពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសកម្មភាពគាំទ្រសន្តិភាព ពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសនានា។ ជាមួយនឹងមាត្រដ្ឋាន ខ្លឹមសារ និងចំនួនប្រទេសដែលចូលរួមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លំហាត់សមយុទ្ធនេះបានក្លាយទៅជាការរួមចំណែកជាក់ស្តែងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពពិភពលោក។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Nguyen Nhu Canh និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សាការងារជាមួយស្ថាប័នមានសមត្ថកិច្ចម៉ុងហ្គោលី៖ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ អគ្គសេនាធិការដ្ឋាននៃកងទ័ពម៉ុងហ្គោលី និងទៅទស្សនាលំហាត់សមយុទ្ធ៕
បកប្រែដោយ Huyen Trang