គណៈប្រតិភូវៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ ក្នុងការហាត់សមរួមព្យុហយាត្រា នៅទីលានក្រហម
កប.អនឡាញ - នាយប់ថ្ងៃទី ២៩ ខែមេសា (ម៉ោងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី) ឬព្រឹកព្រលឹមថ្ងៃទី ៣០ ខែមេសា (ម៉ោងនៅវៀតណាម) គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបានចូលរួមការហាត់សមរួមលើកដំបូងនៅទីលានក្រហមជាមួយគណៈប្រតិភូមកពីប្រទេសនានា ចូលរួមពិធីព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា (ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ / ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥)។
នេះជាលើកដំបូងដែលកងកម្លាំងទាំងមូលចូលរួមពិធីព្យុហយាត្រា មានវត្តមាននៅទីលានក្រហមដើម្បីហាត់សមរួម។ ដើម្បីធានាសុវត្ថិភាព ការគ្រប់គ្រងសន្តិសុខនៅកណ្តាលទីក្រុងម៉ូស្គូត្រូវបានរឹតបន្តឹង។
    |
 |
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមក្នុងការហាត់សមរួមនៅទីលានក្រហម |
នៅវេលាម៉ោង ១០ យប់ ការហាត់សមរួមបានចាប់ផ្តើម និងអូសបន្លាយរហូតដល់ពាក់កណ្តាលអធ្រាត្រ ក្នុងស្ថានភាពត្រជាក់ និងភ្លៀង។ យ៉ាងណាក៏ដោយ កម្មាភិបាល និងសិក្ខាកាមទាំងអស់ក្នុងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម សុទ្ធតែរំភើបចិត្ត និងពោរពេញទៅដោយការតាំងចិត្ត។ ផែនព្យុហយាត្រានៃគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបានអនុវត្តយ៉ាងល្អ ដែលបង្កើតចំណាប់អារម្មណ៍ដ៏ល្អនៅក្នុងការហាត់សមរួម។ យោធិនជាច្រើននាក់មកពីផែនព្យុហយាត្រានៃប្រទេសផ្សេងទៀត ក៏ដូចជាកងកម្លាំងដែលបំពេញភារកិច្ចនៅទីលានក្រហម បានមកចាប់ដៃ ស្វាគមន៍ និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយសមាជិកនៃគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម។
ក្នុងផែនព្យុហយាត្រារបស់ប្រទេសនានា គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ឈរនៅលំដាប់ទី ៨ នៅចំពោះមុខគណៈប្រតិភូចិន ឡាវ និងមីយ៉ាន់ម៉ា៕
បកប្រែដោយ Huyen Trang