កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-ឡាវ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា។
នារសៀលថ្ងៃទី៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ ដែលដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ |
នៅក្នុងជំនួប ដោយអះអាងនូវអត្ថន័យដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពដ៏មហិមារវាងវៀតណាម និងឡាវ ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិរបស់ប្រទេសនីមួយៗ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងការជួយឧបត្ថម្ភរបស់ឡាវក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយនឹងរួមដំណើរជាមួយឡាវដើម្បីជំនះពុះពារការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយបន្តអភិវឌ្ឍប្រកបដោយចីរភាព។
វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរពង្រឹងការសម្របសម្រួល និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ; អនុវត្តយ៉ាងខ្លាំងក្លានូវលទ្ធផលនៃកិច្ចប្រជុំរវាងប្រមុខបក្សទាំងបី និងនាយករដ្ឋមន្ត្រីទាំងបីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងហូជីមិញ កាលពីខែកុម្ភៈកន្លងទៅ ដើម្បីពង្រឹងចំណងសាមគ្គីភាពយ៉ាងស្អិតល្មួតរវាងប្រទេសទាំងបី; អនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់។
រីឯលោកឧត្តមសេនីយ៍ទោ Saichay Kommasith បានឲ្យដឹងថា ភាគីទាំងពីរឯកភាពបង្កើនការចែករំលែកបញ្ហាយុទ្ធសាស្ត្រ តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់ និងយន្តការសន្ទនាគោលនយោបាយការពារជាតិ; ពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារព្រំដែនរវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារ បច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មការពារជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច; បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith |
នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-ឡាវ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តទិសដៅសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពក្នុងជំនួបរវាងថ្នាក់ដឹកនាំនៃបក្សទាំងបីនៃប្រទេស វៀតណាម-ឡាវ-កម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២៥ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
រីឯលោកឧត្តមសេនីយ៍ទោ Saichay Kommasith បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភ និងគាំទ្រឡាវក្នុងការកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។
នាព្រឹកថ្ងៃទី៥ ខែមីនា នៅទីស្នាក់ការក្រសួងការពារប្រទេស បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Saichay Kommasith។
នៅក្នុងកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដោយឈរលើឯកសារដែលបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពផ្តោតការយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន៖ ការសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការស្របតាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ពង្រឹងការចែករំលែកបញ្ហាយុទ្ធសាស្ត្រតាមរយៈកិច្ចប្រជុំកម្រិតខ្ពស់ និងយន្តការកិច្ចសន្ទនាគោលនយោបាយការពារជាតិ; គាំទ្រឡាវក្នុងការបង្កើតកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ល៕
បកប្រែដោយ Thanh Cong