នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្រ្វិកខាងត្បូង លើកទី៣ ដែលក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក និងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងដឹកនាំស្ថាប័នពាក់ព័ន្ធអនុវត្តខ្លឹមសារដែលបានឯកភាពក្នុងកិច្ចសន្ទនា។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ទទួលជួបលោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីការពារជាតិអាហ្រ្វិកខាងត្បូង

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អាហ្រ្វិកខាងត្បូង តែងតែត្រូវបានជំរុញដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តធ្វើឲ្យស៊ីជម្រៅលើវិស័យសហប្រតិបត្តិការដែលមានស្រាប់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀតដែលភាគីទាំងពីរមានតម្រូវការ ផ្តល់អាទិភាពដល់ការជួបជុំថ្នាក់ជាន់ខ្ពស់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការសន្ទនា ដោយហេតុនេះជួយភាគីទាំងពីរចែករំលែកទស្សនៈវិស័យយុទ្ធសាស្ត្រ និងលើកឡើងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលជាមូលដ្ឋានសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អាហ្វ្រិកខាងត្បូងឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីការពារជាតិអាហ្រ្វិកខាងត្បូង បានសម្តែងនូវសេចក្តីរីករាយចំពោះជោគជ័យនៃកិច្ចសន្ទនា ក្នុងនោះ ភាគីទាំងពីរបានឯកភាពបន្តចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រី Thobekile Gamede បានអះអាងថា នេះគឺជាវិស័យដែលទាំងប្រទេសអាហ្រ្វិកខាងត្បូង និងវៀតណាម បាននិងកំពុងចូលរួមយ៉ាងសកម្ម រួមចំណែកយ៉ាងសំខាន់ជាច្រើនក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្នូ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។

លោកស្រី Thobekile Gamede សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងសហការយ៉ាងសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលបានព្រមព្រៀងគ្នា ដោយហេតុនេះ រួមចំណែកជំរុញទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្រ្វិកខាងត្បូង លើកទី ៣ ក្រោមសហអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីការពារជាតិអាហ្វ្រិកខាងត្បូង។

នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អាហ្វ្រិកខាងត្បូង បន្តត្រូវបានអនុវត្តយ៉ាងសកម្មដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងលើវិស័យការពារជាតិ (ចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ ២០០៦) និងទិសដៅដែលបានព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ សមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ ហើយសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្វ្រិកខាងត្បូង លើកទី៣

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ដោយឈរលើឯកសារដែលបានចុះហត្ថលេខា និងខ្លឹមសារនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្រ្វិកខាងត្បូង លើកទី៣ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចសំខាន់ៗមួយចំនួន រួមមានការជំរុញការជួបជុំ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការរក្សាប្រសិទ្ធភាពនៃយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី; ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ភស្តុភារ ពេទ្យយោធា និងការបណ្តុះបណ្តាល; ការគាំទ្រការលើកកម្ពស់សមត្ថភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមតាមរយៈការចែករំលែកបទពិសោធន៍ ការបណ្តុះបណ្តាល និងការផ្តល់ឧបករណ៍វិជ្ជាជីវៈ; ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកស្រី Thobekile Gamede ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្វ្រិកខាងត្បូង លើកទី៣

លោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីការពារជាតិអាហ្វ្រិកខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពិគ្រោះយោបល់ ការសន្ទនា ការផ្លាស់ប្តូរគណៈប្រតិភូ ឧស្សាហកម្មការពារជាតិ ការចែករំលែកព័ត៌មាន និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ លោកស្រី Thobekile Gamede បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ និងនៅលើពិភពលោក។

លោកស្រី Thobekile Gamede ក៏បានឯកភាពជាមួយសំណើរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ ជាពិសេសលើវិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ពេទ្យយោធា និងភស្តុភារ។ លោកស្រី Thobekile Gamede សង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អាហ្រ្វិកខាងត្បូង នឹងកាន់តែអភិវឌ្ឍ និងពង្រីក ប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាពថែមទៀត ស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ។

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកស្រី Thobekile Gamede បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្វ្រិកខាងត្បូង លើកទី៣៕

បកប្រែដោយ Huyen Trang