លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនរុស្ស៊ីនៅទីក្រុងមូស្គូ
កប.អនឡាញ - បន្តសកម្មភាពសម្តែងការដឹងគុណចំពោះអតីតយុទ្ធជនរុស្ស៊ីដែលបានជួយវៀតណាមក្នុងការតស៊ូរំដោះជាតិនោះ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញ ជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជនរុស្ស៊ី និងសាច់ញាតិរបស់ពួកគេនៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។ អញ្ជើញចូលរួមពិធីក៏មានលោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីផងដែរ។
ថ្លែងនៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងអតីតសហភាពសូវៀត កាលពីមុន និងសហព័ន្ធរុស្ស៊ីសព្វថ្ងៃបានជំនះរាល់បញ្ហាប្រឈមនៃពេលវេលា និងការប្រែប្រួលនៃប្រវត្តិសាស្ត្រ ក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ក្នុងសម័យបច្ចុប្បន្ន។ បក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមដឹងគុណជានិច្ចចំពោះជំនួយដ៏មានអត្ថន័យដោយស្មោះស្ម័គ្រ និងមានប្រសិទ្ធភាព ដែលប្រជាជនអតីតសហភាពសូវៀតបានផ្តល់ជូនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការពារមាតុភូមិ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាមបានធ្វើសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីថ្លែងអំណរគុណចំពោះអតីតយុទ្ធជនរុស្ស៊ី។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងអតីតយុទ្ធជនរុស្ស៊ីក្នុងជំនួប |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរអតីតយុទ្ធជនរុស្ស៊ី និងសាច់ញាតិរបស់ពួកគេមានសុខភាពល្អ និងបន្តរួមចំណែកក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា អតីតយុទ្ធជនដែលមានឯកសារប្រវត្តិសាស្ត្រក្នុងអំឡុងពេលដែលពួកគេបំពេញភារកិច្ចជួយប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការពារមាតុភូមិ អាចបញ្ជូនទៅក្រសួងការពារប្រទេសវៀតណាម។ នេះជាអនុស្សាវរីយ៍ផង និងជាបទពិសោធន៍ដ៏មានតម្លៃ ដែលត្រូវរក្សាទុកផង ដើម្បីរំលឹកដល់កូនចៅជំនាន់ក្រោយ អំពីទំនាក់ទំនងរយៈពេលប្រាំពីរទសវត្សរ៍រវាងវៀតណាម និងរុស្ស៊ី។
ក្នុងជំនួបនេះផងដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានគោរពអញ្ជើញអតីតយុទ្ធជនរុស្ស៊ីមកវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។
លោក Nikolai Nikolaevich Kolesnik អតីតយុទ្ធជនរុស្ស៊ីដែលធ្លាប់បំពេញការងារនៅវៀតណាមក្នុងឆ្នាំ ១៩៦៥-១៩៦៦ បានចែករំលែកថា ការចងចាំអំពីរាល់ពេលវេលាដែលគាត់បានប្រកៀកស្មាជាមួយសមមិត្តវៀតណាមក្នុងការតស៊ូរំដោះជាតិ នៅតែរក្សាបានដដែល។ បណ្តាអតីតយុទ្ធជនរុស្ស៊ីក៏បានសម្តែងក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជនវៀតណាម ហើយសង្ឃឹមថាទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនឹងស្ថិតស្ថេរជារៀងរហូត។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម រួមជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំរុស្ស៊ី |
* នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំរុស្ស៊ី។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងវៀតណាម-រុស្ស៊ី។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ក្រសួងការបរទេសនិយាយរួម និងស្ថានទូតវៀតណាមប្រចាំរុស្ស៊ីនិយាយដោយឡែក ក្នុងនោះមានតួនាទីរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីវៀតណាម-រុស្ស៊ី។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានបំណងចង់បន្តទទួលបានការគាំទ្រ និងជំនួយរបស់ស្ថានទូតក៏ដូចជាលោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រួមចំណែកបន្ថែមទៀតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong