នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឥណ្ឌា នាពេលថ្មីៗនេះ ក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូថ្នាក់ជាន់ខ្ពស់; អនុវត្តកិច្ចសហប្រតិបត្តិការ និងយន្តការពិគ្រោះយោបល់តាមកាលកំណត់ប្រកបដោយប្រសិទ្ធភាព; ហ្វឹកហាត់ បណ្តុះបណ្តាល។ល។

នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យអនុព័ន្ធយោធាឥណ្ឌាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានារបស់ឥណ្ឌា ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែចុងឆ្នាំ២០២៤ ដោយផ្តោតលើ៖ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី; សមយុទ្ធរួមលើកទី៥ ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសឥណ្ឌា; អនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក Dheeraj Kotwal អនុព័ន្ធយោធាឥណ្ឌាប្រចាំនៅវៀតណាម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យ លោកវរសេនីយ៍ឯក Dheeraj Kotwal នឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព សក្តិសមនឹងតម្រូវការរបស់ភាគីទាំងពីរ។

លោកវរសេនីយ៍ឯក Dheeraj Kotwal បានឯកភាពជាមួយមតិរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien។ លោកបានឲ្យដឹងថា លោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិឥណ្ឌា ព្រមទាំងពិភាក្សាយ៉ាងសកម្ម និងឯកភាពគ្នា ដើម្បីសម្រេចបាននូវគោលដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

* នាព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកវរសេនីយ៍ឯក Ulysses S.Mancao អនុព័ន្ធយោធាហ្វីលីពីនប្រចាំនៅវៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងហ្វីលីពីន នាពេលថ្មីៗនេះ ជាពិសេសលើវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការជួបប្រាស្រ័យនាយទាហានវ័យក្មេង; ការរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា; កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក កងទ័ពជើងអាកាស និងកងឆ្មាំសមុទ្ររបស់ប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក Ulysses S.Mancao អនុព័ន្ធយោធាហ្វីលីពីនប្រចាំនៅវៀតណាម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យលោកវរសេនីយ៍ឯក Ulysses S.Mancao បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានារបស់ហ្វីលីពីន ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៤។

លោកវរសេនីយ៍ឯក Ulysses S.Mancao បានបញ្ជាក់ថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានានៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ អនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការស្របតាមផែនការឆ្នាំ២០២៤ និងការតម្រង់ទិសរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang